ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែកញ្ញានេះ បានចេញសេចក្តីថ្លែងការណ៍ ដើម្បីអបអរសាទរ ក្រោយការសម្រេច ចុះបញ្ជីប្រាសាទកោះកេរ របស់ខ្មែរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤៥នៅប្រទេសអាប៊ីសាអូឌីត ។
តាមរយៈហ្វេសប៊ុក ក្រសួងលើកឡើងថា ជោគជ័យ នៃការចុះបញ្ជីនេះ គឺជាមោទនភាពជាតិដ៏ធំថ្មីមួយទៀត បន្ទាប់ពីតំបន់រមណីយដ្ឋាន អង្គរប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ជាបន្តបន្ទាប់នៅឆ្នាំ១៩៩២ ២០០៨ និងឆ្នាំ២០១៧។
ទន្ទឹងនឹងនេះ ក្រសួងក៏បានគូសបញ្ជាក់ ពីមហាទិគុណថ្វាម ដល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលបានខិតខំតស៊ូព្យាយាមរៀបចំ ឯកសារចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេចបាននៅលទ្ធផល ជាស្ថាពរជូនប្រទេសជាតិមាតុភូមិ ។
សម្រាប់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ការកសាងប្រាសាទកោះកេររបស់ព្រះមហាក្សត្រ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ បានបន្សល់ទុក នៅសម្បត្តិ បេតិកភណ្ឌវប្បធម៌ដ៏ល្អឯក និងជាអរិយធម៌ដ៏ចំណាស់ ដែលជាអត្តសញ្ញាណជាតិ ប្រកបដោយក្តីមោទន សម្រាប់ប្រជាជាតិខ្មែរ គ្រប់ជំនាន់ ។
សូមបញ្ជាក់ថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីម៉ោង១២:១៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១:២៨នាទីនៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ៕