ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតិឱ្យលោក ចាស្ទីន ខេវីន វ៉ាយអេត ( JUSTIN KEVIN WHYATT) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងជំនួបពិភាក្សានេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងប្រទេសអូស្ត្រាលី នាពេលកន្លងមក ហើយភាគីទាំងពីរត្រូវបន្តពង្រឹង និងពង្រីគកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូនេះបន្ថែមទៀត ទាំងក្នុងទាំងវិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, សង្គម និងការអភិវឌ្ឍន៍នានា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។
លោក វង្សី វិស្សុត បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត និងសហការីបានជ្រាប អំពីឆន្ទៈដ៏មោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការចាប់ផ្តើមអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវការកែទម្រង់ស៊ីជំរៅ ដោយឈរ លើ ទស្សនវិជ្ជា «យកប្រជាជនជាធំ» និងដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, កាត់បន្ថយភាពក្រីក្រ, បង្កើន ប្រសិទ្ធភាពនៃ អភិបាលកិច្ច និងលើក កម្ពស់សមត្ថភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាព នៃការ អភិវឌ្ឍ សង្គមសេដ្ឋកិច្ច សំដៅឈានឆ្ពោះ ទៅ សម្រេច មហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។
លោក ឧបនាយក រដ្ឋមន្រ្តី ប្រចាំការ ក៏បានជម្រាបផងដែរ អំពីក្របខណ្ឌគោល នយោបាយ ចម្បង នៃ យុទ្ធសាស្រ្ត បញ្ច កោណ-ដំណាក់ កាលទី១ គឺ៖ ទី១. ថែរក្សា ឱ្យ បាននូវ ចលនការនៃសុខ សន្តិភាព និង ការអភិវឌ្ឍ និង ទី២. កសាង និងពង្រឹង មូលដ្ឋាន គ្រឹះ សម្រាប់ ជំរុញ សម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ សម្រាប់ រយៈពេល ២៥ ឆ្នាំខាងមុខ តាមរយៈការកសាង ភាព ធន់ រឹងមាំ នៃវិស័យចំនួន ៥ ដែលរួមមាន៖ ភាពធន់នៃវិស័យ សាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់ នៃវិស័យហិរញ្ញវត្ថុ, ភាពធន់នៃ វិស័យ មូលធន មនុស្ស និង សង្គម និងភាពធន់នៃវិស័យបរិស្ថាន និងក្នុង ការ ឆ្លើយតបនឹងការប្រែប្រួល អាកាស ធាតុ។
លោក វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់ អាទិភាព ខ្ពស់បំផុត ដល់ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដើម្បីធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជា រដ្ឋបាល សាធារណៈ ទំនើប ប្រកបដោយសមត្ថភាពខ្ពស់, ខ្លាំង, ឆ្លាតវៃ និងស្អាតស្អំ តាមរយៈ ការអនុវត្ត សិទ្ធិ អំណាច រដ្ឋ ខាងផ្នែកនយោបាយ, សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ, ការគ្រប់គ្រង និងការចាត់ចែង កិច្ចការ ប្រទេសជាតិ, ការកសាងជាតិ, ការពង្រឹងនីតិរដ្ឋ ដោយយកចិត្តទុកដាក់ដល់ផល ប្រយោជន៍ ប្រជាជន សំដៅ គាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងចីរភាព។
ក្នុងស្មារតីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំផ្ទាល់លើ ការអនុវត្ត វិធានការ គន្លឹះ ក្នុង ការកែទម្រង់រដ្ឋបាលសាធារណៈ ដោយបានចាប់ផ្តើមធ្វើការកែទម្រង់ ការប្រលងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់» និងពង្រឹងការអនុវត្តគោលការណ៍ គុណាធិ បតេយ្យ ក្នុងមុខងារសាធារណៈ។
ទន្ទឹមនេះ សម្តេចធិបតី ក៏ដឹកនាំដោយ ផ្ទាល់លើ អាទិភាព គន្លឹះចំនួនពីរទៀត ក្នុងវិស័យអប់រំ និងសុខាភិបាល ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាគន្លឹះនៃការអភិវឌ្ឍ និងកសាងជាតិ ក្នុងរយៈពេលវែង និងការធ្វើទំនើបកម្មសេដ្ឋកិច្ច។
លោក វង្សី វិស្សុត ក៏បានជម្រាបជូន លោកឯកអគ្គរដ្ឋទូតអូស្រ្តាលីផងដែរ អំពីអាទិភាពការងារ សំខាន់ៗរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការមួយ របស់គណៈរដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល ឱ្យបានល្អ, បានលឿន និងប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្តោតលើ អាទិភាពការងារសំខាន់ៗ ដូចជា៖
(១).ការរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី (២).ការត្រួតពិនិត្យ និងសម្របសម្រួលការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ឱ្យមានសង្គតិភាព, មិនជាន់គ្នា, មិនលើស, មិនខ្វះ និងសម្រាប់បម្រើឱ្យគោលដៅដោះស្រាយបញ្ហា មិនមែន ដើម្បីបង្កើតបញ្ហា និងប៉ះពាល់ ដល់ ផលិតភាព និងភាពប្រកួតប្រជែងរបស់ប្រទេសជាតិ ក៏ដូចជាជីវភាពរស់ នៅ របស់ប្រជាជន និង (៣).ការសិក្សាស្រាវជ្រាវ និងផ្តល់យោបល់ ព្រមទាំងកិច្ចការតាមដាន, ការត្រួ ត ពិនិត្យ និងការវាយតម្លៃដោយផ្អែកភស្តុតាង លើការអនុវត្តយុទ្ធសាស្រ្ត បញ្ច កោណ-ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះដែរ លោក ចាស្ទីន ខេវីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងនូវគាំទ្រដល់ការដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ២០៤០ (Southeast Asia Economic Strategy to 2040) របស់អូស្រ្តាលី ដែលក្នុងនោះមានវិធានការចំនួន ៧៥ និងមានអនុសាសន៍ជាក់លាក់សម្រាប់ប្រទេសនីមួយៗ រួមទាំងប្រទេសកម្ពុជាផងដែរ។
លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ប៉ុន្តែបានកត់សម្គាល់ អំពីភាពមានកម្រិតនៅឡើយ នៃការវិនិយោគ និងធុរកិច្ចអូស្ត្រាលីនៅកម្ពុជា ។ ដូចនេះ ភាគីទាំងពីរត្រូវង្កើន កិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យ សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងក្នុងការទាក់ទាញការវិនិយោគពីអូស្ត្រាលីមកកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត៕