អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក និងអនុប្រធានាធិបតីចិន បានសម្តែងក្តីសង្ឃឹម សម្រាប់ស្ថិរភាពបន្ថែមទៀតនៅក្នុងទំនាក់ទំនងដ៏តានតឹងជាញឹកញយ ខណៈដែលមហាអំណាចគូប្រជែងបានរៀបចំកិច្ចចរចាកម្រិតខ្ពស់ជាលើកទី២របស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបជាមួយអនុប្រធានាធិបតីចិន Han Zheng នៅទីក្រុងញ៉ូវយ៉ក នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ បានថ្លែងថា លោកជឿជាក់លើ “ការទូតទល់មុខគ្នា” ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ។
លោក Blinken បានប្រាប់លោក Han នៅគ្រាដែលពួកគាត់បើកកិច្ចប្រជុំរបស់ពួកគេនៅឯបេសកកម្មរបស់ប្រទេសចិនទៅកាន់អង្គការសហប្រជាជាតិថា “ខ្ញុំគិតថា វាជារឿងល្អដែលយើងមានឱកាសនេះដើម្បីកសាងលើការចូលរួមកម្រិតខ្ពស់នាពេលថ្មីៗនេះ ដែលប្រទេសរបស់យើងមាន” ។
លោកបានសង្កត់ធ្ងន់ថា កិច្ចពិភាក្សានេះមានគោលបំណង “ធ្វើឱ្យប្រាកដថា យើងកំពុងរក្សាទំនាក់ទំនងដោយបើកចំហ និងបង្ហាញថា យើងកំពុងគ្រប់គ្រងទំនាក់ទំនងរវាងប្រទេសទាំង២ប្រកបដោយការទទួលខុសត្រូវ” ។
លោក Han បានថ្លែងថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២របស់ពិភពលោកប្រឈមមុខនឹង “ការលំបាក និងបញ្ហាប្រឈមជាច្រើន” ។
លោកបានថ្លែងថា “ពិភពលោកត្រូវការទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលមានសុខភាពល្អ និងស្ថិរភាព ដែលផ្តល់ផលប្រយោជន៍មិនត្រឹមតែចិន និងសហរដ្ឋអាមេរិក តែប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល” ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងនៅគ្រាដែលសហរដ្ឋអាមេរិក មើលឃើញពីការផ្លាស់ប្តូរមន្ត្រីនៅក្នុងទីក្រុងប៉េកាំងដោយមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា