ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ដាក់បញ្ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិតចូលរួមអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

លោក គួច ចំរើន បានអានសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាទិវាប្រវត្តិសាស្ត្រ ដ៏សំខាន់មួយទៀតរបស់ជាតិ និងប្រជាជនកម្ពុជា ទាំងមូលដោយគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ»ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដីសម្រេច 45 COM 88.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួននៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លិខិតបញ្ជាក់ថា ដូចករណីមុនៗដែរ ការស្នើសុំចុះ «រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាលទ្ធផលនៃកិច្ចដំណើរ ការងារដ៏យូរ និងលំបាកស្មុគស្មាញ ដោយមានការចូលរួម ពីភាគីពាក់ព័ន្ធជាច្រើនជាពិសេស ការរៀបចំឯកសារ ការត្រួតពិនិត្យ និងវាយតម្លៃដោយអ្នក ជំនាញ ការជាតិ និងអន្តរជាតិ បានប្រព្រឹត្តទៅក្នុងដំណាក់កាលដែលកម្ពុជា និងពិភពលោកទាំងមូល កំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ។ ដំណើរការដ៏ស្វិតស្វាញនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ បញ្ជាក់ពីតម្លៃដ៏មហាសាល នៃសម្បត្តិវប្បធម៌ របស់កម្ពុជាជាពិសេស សម្រេចឲ្យបាននូវការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក សម្រាប់ជាសម្បត្តិមនុស្សជាតិ ទាំងមូល និងការពង្រឹងមោទកភាពជាតិ ។

លិខិតបន្ត ទៀតថា ការកសាងនូវឯកសារស្នើសុំចុះបញ្ជីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨មកម៉្លេះ ឆ្លងកាត់ត្រួតពិនិត្យ និងវាយតម្លៃជាបន្តបន្ទាប់ ដោយមន្ត្រី ជំនាញអាជ្ញាធរជាតិ ព្រះវិហារ និងមន្ត្រីជំនាញក្រោមឱវាទ ក្រសួងវប្បធម៌ ព្រមទាំងពិគ្រោះយោបល់ ជាមួយអ្នកជំនាញការអន្តរជាតិ រហូតឆ្នាំ២០២០ ទើបឯកសារនេះបានលេចចេញ ជារូបរាង ស្របទៅតាមអនុសញ្ញា ស្តីពីការការពារបេតិកភណ្ឌពិភពលោក វប្បធម៌ និងធម្មជាតិ បានសម្រេចលើកសំណើ ជាផ្លូវការ ទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ កាលពីខែមករា ឆ្នាំ២០២១ ផ្អែកលើសំណើ របស់រាជរដ្ឋាភិបាល មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ បានបញ្ជូនអ្នកជំនាញការ អន្តរជាតិនៃក្រុមប្រឹក្សា អន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) មកធ្វើការវាយតម្លៃដោយផ្ទាល់ នៅរមណីយដ្ឋានប្រាសាទកោះកេរ កាលពីខែកញ្ញា ឆ្នាំ២០២១ រហូតដល់ខែមីនា ឆ្នាំ២០២២ ទើបសម្រេចទទួលយកនូវសំណើសុំចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅដាក់ក្នុងរបៀបវារៈសម័យប្រជុំលើកទី៤៥ របស់ខ្លួននៅទីក្រុងរីយ៉ាដ(Riyadh)នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយក៏ត្រូវបានគណៈកម្មាធិការ បេតិកភណ្ឌ ពិភពលោកសម្រេចចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ៕

To Top