ប៉េកាំង៖ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជានាយកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រទេសចិន និងរុស្ស៊ីនឹងធ្វើការយ៉ាងជិតស្និទ្ធ លើកិច្ចសហប្រតិបត្តិការសន្តិសុខជាយុទ្ធសាស្ត្រ ការពារពហុភាគីនិយម និងជំរុញការអភិវឌ្ឍន៍ប្រព័ន្ធអភិបាល កិច្ចពិភពលោកក្នុងទិសដៅដ៏ត្រឹមត្រូវ និងសមហេតុផលជាងនេះ។
លោក វ៉ាង យី និងលោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីបានធ្វើជា សហប្រធាននៃជុំទី១៨ នៃការពិគ្រោះយោបល់ សន្តិសុខជាយុទ្ធសាស្រ្តចិន-រុស្ស៊ី។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ស៊ីជម្រៅលើបញ្ហាជាច្រើនទាក់ទងនឹង ការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ពង្រឹងការសម្របសម្រួល និងបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក។
លោក វ៉ាង យី បានលើកឡើងថា “ទំនាក់ទំនងចិន-រុស្ស៊ី បានទប់ទល់នឹងការសាកល្បង នៃស្ថានភាពអន្តរជាតិ ហើយបានបន្តអភិវឌ្ឍប្រកបដោយសុខភាព និងស្ថិរភាព អត្ថន័យនៃកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងជាបន្តបន្ទាប់ ហើយគុណភាពនៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែងត្រូវបានកែលម្អជាបន្តបន្ទាប់”។
លោកបានកត់សម្គាល់ថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសធំៗ ដែលមានទំនួលខុសត្រូវ ប្រទេសចិន និងរុស្ស៊ីធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគ្នានៅលើឆាកអន្តរជាតិ ដើម្បីរួមគ្នាការពារពហុភាគីនិយមពិតប្រាកដ ប្រឆាំងនឹងការអនុវត្តផ្សេងៗ នៃការគំរាមកំហែងអំណាច និងជំរុញការអភិវឌ្ឍន៍ប្រព័ន្ធ អភិបាលកិច្ចសកលនៅក្នុង ទិសដៅត្រឹមត្រូវ និងសមហេតុផលជាង។
លោក បានសង្កត់ធ្ងន់ថា យន្តការពិគ្រោះយោបល់សន្តិសុខ ជាយុទ្ធសាស្ត្រចិន-រុស្ស៊ី ដែលជាផ្នែកមួយដ៏សំខាន់នៃ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃការសម្របសម្រួលរវាង ប្រទេសទាំងពីរក្នុងយុគសម័យថ្មី ឆ្លុះបញ្ចាំងពីជម្រៅនៃការជឿទុកចិត្ត គ្នាទៅវិញទៅមកផ្នែកនយោបាយ និងភាពទូលំទូលាយនៃការសម្របសម្រួល ជាយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា