ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាល់ទិន្នន័យ និងព័ត៌មានទាំងឡាយ របស់មន្ដ្រីនគរបាលជាតិ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្លើយតបបែបនេះក្រោយពី អគ្គនាយកដ្ឋានធនធានមនុស្ស បានស្នើ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើផ្ដល់ទិន្នន័យបច្ចុប្បន្នភាពចំនួន មុខតំណែងមន្ដ្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីមានមូលដ្ឋានគោរព រាយការណ៍ ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រង និងអភិវឌ្ឍន៍មន្ដ្រីនគរបាលជាតិ។
យោងតាមលិខិតរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា «ឆ្លើយតបសំណើរបស់អគ្គនាយកដ្ឋាន ធនធានមនុស្ស ដែលបានស្នើធ្វើបច្ចុប្បន្នភាពមុខតំណែង ស្ថិតិមន្ដ្រីនគរបាលជាតិលើសអាយុ និងដល់អាយុចូលនិវត្តន៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូនថា រយៈពេលកន្លងមក រហូតដល់បច្ចុប្បន្ននេះ រាល់ទិន្នន័យ និងព័ត៌មានទាំងឡាយរបស់មន្ដ្រីនគរបាលជាតិ គឺស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានបុគ្គលិក ដែលបច្ចុប្បន្នជា នាយកដ្ឋានបុគ្គលិកមន្ដ្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានធនធានមនុស្ស»៕