យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថាប័នពហុភាគី ដែលត្រូវគ្នានឹងពិភពលោកពហុប៉ូល ដែលកំពុងបង្កើតឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានលើកឡើងថា “យើងកំពុងឆ្ពោះ ទៅរកពិភពលោកពហុប៉ូឡ ។ ពហុប៉ូឡកំពុងបង្កើតឱកាសថ្មី សម្រាប់ប្រទេសផ្សេងៗគ្នា ដើម្បីឈានមុខគេលើ ឆាកពិភពលោក ប៉ុន្តែប្រវត្តិសាស្រ្តបង្រៀនថា ពហុប៉ូលដោយគ្មានស្ថាប័ន ពហុភាគីរឹងមាំបង្កើតហានិភ័យធ្ងន់ធ្ងរ”។
លោកបន្ដថា “វាអាចបណ្តាលឱ្យមានភាពតានតឹងផ្នែកភូមិសាស្ត្រកាន់តែខ្លាំង ការប្រកួតប្រជែងដ៏វឹកវរ និងការបែងចែកជាច្រើនទៀត” វាធ្វើឡើងក្នុងពេលដែលលោក បានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រៀមនៃកិច្ចប្រជុំកំពូលនៃអនាគត។
លោកបន្ដថា ស្ថាប័នពហុភាគីនឹងរស់បានលុះត្រាតែពួកគេមានលក្ខណៈជាសកល។ លោកថា កិច្ចប្រជុំកំពូលនៃអនាគតនៅឆ្នាំក្រោយ គឺជាឱកាសពិសេសមួយ ដើម្បីជួយកសាងទំនុកចិត្តឡើងវិញ និងនាំយកស្ថាប័ន និងក្របខ័ណ្ឌពហុភាគីដែលហួសសម័យ ឱ្យស្របតាមពិភពលោកនាពេលបច្ចុប្បន្ន ដោយផ្អែកលើសមធម៌ និងសាមគ្គីភាព។
លោកបានបន្ថែមថា កិច្ចប្រជុំកំពូលគឺច្រើនជាងឱកាស វាគឺជាមធ្យោបាយសំខាន់មួយក្នុងការកាត់បន្ថយហានិភ័យ និងបង្កើតពិភពលោកដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន។
នៅក្នុងនោះដែរ លោក Guterres បានស្វាគមន៍កិច្ចព្រមព្រៀងរបស់រដ្ឋជាសមាជិកក្នុងការអនុម័តកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល សម្រាប់កិ៍ច្ចចរចានៅកិច្ចប្រជុំកំពូលនៃអនាគត ដោយបញ្ជាក់ឡើងវិញនូវធម្មនុញ្ញអង្គការសហប្រជាជាតិ ពង្រឹងពហុភាគីនិយម ជំរុញការអនុវត្តការប្តេជ្ញាចិត្តដែលមានស្រាប់ និងយល់ព្រមលើដំណោះស្រាយចំពោះបញ្ហាប្រឈមថ្មីៗ៕
ប្រែសម្រួល ឈូក បូរ៉ា