ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញកុមារី អាយុ ៧ឆ្នាំ ឆ្លងជំងឺ ហ្ស៊ីកា ដែមានអាស័យដ្ឋានរស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តារយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៣ កញ្ញានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរៀបរាប់ថា កុមារីរូបនេះបានចូលសម្រាក នៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨ម៉២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ។
CDC បញ្ជាក់ថា រោគសញ្ញាដំបូង៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារីបានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានយកវត្ថុវិភាគផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងលទ្ធផលចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វិជ្ជមានហ្សីកា ។
ជាមួយគ្នានោះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានពន្យល់ថា ជំងឺហ្ស៊ីកា (Zika Virus) ត្រូវបានចម្លងជាចម្បង ដោយមូសប្រភេទ Aedes ដែលខាំភាគច្រើននៅពេលថ្ងៃ។ មនុស្សភាគច្រើនដែលមានការឆ្លងមេរោគ Zika មិនមានរោគសញ្ញាទេ។ អ្នកដែលមានរោគសញ្ញាជាធម្មតារួមមានកន្ទួល គ្រុនក្តៅ រលាកសន្លាក់ ឈឺសាច់ដុំ និងសន្លាក់ ឈឺក្បាល និងឈឺក្បាល ដែលមានរយៈពេល 2-7 ថ្ងៃ។ ការឆ្លងមេរោគ Zika អំឡុងពេលមានផ្ទៃពោះ អាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច) និងភាពមិនប្រក្រតីពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូន ។
ចំពោះបញ្ហានេះដែរមន្រ្តីក្រុមឆ្លើយតបបន្ទាន់ គ្រប់ជាន់ថ្នាក់និងមន្ត្រីជំនាញ ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងចុះទប់ស្កាត់ការរីករាលដាល និងអង្គេតស្រាវជ្រាវរកប្រភពចម្លង ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
បន្ថែមលើសពីនេះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្ការកុំឱ្យមូសខាំ ជាពិសេសកុមារតូច និងស្រ្តីមានផ្ទៃពោះ ត្រូវធ្វើអនាម័យជុំវិញផ្ទះ ក្នុងករណីមានរោគសញ្ញាដូចខាងលើ សូមអញ្ជើញទៅពិគ្រោះជំងឺ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ៕