ព័ត៌មានអន្តរជាតិ

Update៖ ប្រធានអង្គការ NATO បដិសេធមិនទាន់ទទួលយកអ៊ុយក្រែន ចូលជាសមាជិក ទាល់តែដល់ចុងបញ្ចប់នៃជម្លោះ

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATo បានថ្លែងថា អង្គការ NATO នឹងមិនទាន់ទទួលយកអ៊ុយក្រែនឲ្យចូលជាសមាជិកនោះទេ ទាល់តែដល់ចុងបញ្ចប់នៃជម្លោះនេះ ។

គាត់បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅអំឡុងពេលធ្វើបាឋកថាជាសាធារណៈនៅក្រុមប្រឹក្សាទំនាក់ទំនងបរទេសនៅក្នុងទីក្រុងញ៉ូវយ៉ក ដែលបានរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃសុក្របានឲ្យដឹងដូច្នេះ ។

លោក Stoltenberg បានថ្លែងថា “ការពិតដែលថា សង្រ្គាមស្ថិតនៅក្នុងដំណាក់កាលសកម្មមិនអនុញ្ញាតឱ្យយើងអញ្ជើញពួកគេ (ប្រទេសអ៊ុយក្រែន) ចូលមកនៅថ្ងៃស្អែក ឬថ្ងៃនេះនោះទេ” ។

ទន្ទឹមនឹងនេះដែរ លោក Stoltenberg បានស្នើឡើងថា អ៊ុយក្រែន អាចនឹងក្លាយជាសមាជិករបស់អង្គការ NATO បន្ទាប់ពីបញ្ចប់អរិភាពក្នុងជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ។

លោកបានថ្លែងថា “ទាំងនេះគឺជាបញ្ហាដែលទាក់ទងគ្នាទៅវិញទៅមក ហើយសមាជិកភាពរបស់អង្គការ NATO គឺការបញ្ចប់សង្រ្គាម និងការធានាឱ្យមានសន្តិភាពយូរអង្វែងបន្ទាប់ពីសង្គ្រាម” ។

លោកបានថ្លែងឲ្យដឹងទៀតថា ចំពោះការផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធតាមបែបលោកខាងលិច និងការហ្វឹកហ្វឺនទាហានរបស់អ៊ុយក្រែន កំពុងនាំឲ្យអ៊ុយក្រែនខិតទៅជិតជាសមាជិកភាពរបស់អង្គការ NATO ហើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top