ភ្នំពេញ ៖ សប្ដាហ៍ផ្លាស់ប្ដូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ រៀបចំធ្វើឡើងនៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពលោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតំណាងលោកស្រីរដ្ឋមន្រ្តី ភឿង សកុណា និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងហ្វូចូវ នារសៀលទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយរបស់ក្រសួងវប្បធម៌ នាថ្ងៃ២៥ កញ្ញា ។
ក្នុងឱកាសនេះ ក៏មានការចូលរួមពីផលិតករភាពយន្តកម្ពុជា-ចិន ព្រមទាំងសិល្បករ-សិល្បការិនី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។
ការរៀបចំព្រឹត្តិការណ៍សប្តាហ៍ភាពយន្ត និងវប្បធម៌កម្ពុជា-ចិននាពេលនេះ ក្រោយពីការរៀបចំសប្ដាហ៍ភាពយន្តចិននៅកម្ពុជា កាលពីខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។ ការរៀបចំនេះ គឺជាការរួមចំណែក ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតនាឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ ក៏មានការចាក់បញ្ចាំងភាពយន្តរឿង “ដើម្បីកូន” និពន្ធ និងដឹកនាំរឿងដោយ លោក ហ៊ុយ យ៉ាឡេង ផងដែរ៕