ព័ត៌មានអន្តរជាតិ

ចិន មានឆន្ទៈធ្វើការជាមួយកូរ៉េខាងត្បូង នៅមុនពេលកិច្ចប្រជុំកំពូល ជាមួយប្រទេសជប៉ុន

ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រាប់ដល់លោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ស្របពេលមានភាពតានតឹងកើនឡើងជុំវិញប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន និងកូរ៉េខាងជើង។

ទូរទស្សន៍កណ្តាលរបស់ចិន ហៅកាត់ថា (CCTV) បានរាយការណ៍ថា លោក ហ្ស៊ី បានជួបពិភាក្សាជាមួយលោក Han នៅឯទីក្រុង Hangzhou ស្ថិតនៅភាគខាងកើតនៃប្រទេសចិន នៅមុនពេលពិធីបើកកីឡាអាស៊ី ។

គួរបញ្ជាក់ថា ការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងនៅមុនកិច្ចប្រជុំចរចាត្រីភាគីដែលបានគ្រោងទុករវាងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូលនៅថ្ងៃទី២៦ ខែកញ្ញា ដែលជាកិច្ចប្រជុំកំពូលលើកដំបូងដែលដឹកនាំដោយមន្ត្រីជាន់ខ្ពស់របស់ពួកគេក្នុងរយៈពេល៤ឆ្នាំមកនេះ ។

លោក ហ្សី បានប្រាប់ដល់លោក Han ថា លោកស្វាគមន៍កិច្ចប្រជុំកំពូលនៅពេលដ៏ឧត្តុង្គឧត្តមនេះ ហើយលោកនឹងពិចារណាយ៉ាងម៉ត់ចត់បំផុតទៅលើបញ្ហានៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ។ នេះបើតាមយោងតាមសារព័ត៌មាន Yonhap បានរាយការណ៍កាលពីថ្ងៃសៅរ៍ ។

សេចក្តីថ្លែងការណ៍របស់ប្រទេសចិន មិនបានលើកឡើងពីការអត្ថាធិប្បាយរបស់លោក ហ្ស៊ី ចំពោះកិច្ចប្រជុំកំពូល ឬដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលនោះទេ ។

លោក ហ្ស៊ី បានថ្លែងថា ប្រទេសចិន យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឆន្ទៈវិជ្ជមានរបស់កូរ៉េខាងត្បូងក្នុងការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការ ។

លោក ហ្ស៊ី បានថ្លែងយ៉ាងដូច្នេះថា បានស្នើឱ្យកូរ៉េខាងត្បូងជួបគ្នាជាមុនសិន ដើម្បីរក្សាទិសដៅនៃកិច្ចសហប្រតិបត្តិការមិត្តភាព ។ លោកបានថ្លែងទៀតថា ប្រទេសទាំង២អាចធ្វើឱ្យមានភាពស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ដល់គ្នាទៅវិញទៅមក ។

គេបានដឹងថា ភាពតានតឹងរវាងប្រទេសអាស៊ីបូព៌ាទាំង២បានកើនឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល១សប្តាហ៍របស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី កាលពីដើមខែនេះ ដែលបានធ្វើឱ្យសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ខឹងសម្បារយ៉ាងខ្លាំង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top