តេអេរ៉ង់៖ អ៊ីរ៉ង់ និងម៉ាល់ឌីវ បានប្រកាស ពីការបន្តទំនាក់ទំនង ការទូតឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៧ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនសិនហួ ។
ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “ស្របតាមផលប្រយោជន៍ និងសេចក្តីប្រាថ្នា របស់ប្រទេសទាំងពីរ” ។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងរដ្ឋមន្ត្រីការបរទេស ម៉ាល់ឌីវលោក Ahmed Khaleel នៅខាងក្រៅសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃសុក្រ។
នៅខែឧសភា ឆ្នាំ២០១៦ ម៉ាល់ឌីវ ដែលជាអ្នកគាំទ្រអារ៉ាប៊ីសាអូឌីត បានបញ្ចប់ទំនាក់ទំនងការទូតរបស់ខ្លួនជាមួយអ៊ីរ៉ង់ បន្ទាប់ពីការសម្រេចចិត្តមុនរបស់ទីក្រុងរីយ៉ាដ ក្នុងការផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់ ក្នុងខែមករា ឆ្នាំដដែល។
ការបន្តទំនាក់ទំនងការទូតរវាងអ៊ីរ៉ង់ និងម៉ាល់ឌីវ គឺជាផ្នែកមួយនៃរលកនៃការធ្វើឱ្យប្រក្រតីភាពក្នុងទំនាក់ទំនងរបស់អ៊ីរ៉ង់ ជាមួយប្រទេសដទៃទៀត ដែលបានចាប់ផ្តើម នៅក្នុងខែមីនា នៅពេលដែលទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ បានឈានដល់កិច្ចព្រមព្រៀង ដ៏រឹងមាំរវាងទីក្រុងប៉េកាំង ដើម្បីបន្តទំនាក់ទំនងការទូត និងបើកស្ថានទូត និងបេសកកម្ម របស់ពួកគេឡើងវិញ ៕
ប្រែសម្រួល ឈូក បូរ៉ា