ព័ត៌មានជាតិ

UNDP បង្ហាញជំហរបន្តគាំទ្រ ចំពោះការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ៖ លោកស្រី Allisar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានបង្ហាញជំហរក្នុងការបន្តគាំទ្រ ចំពោះការអភិវឌ្ឍនៅកម្ពុជាឲ្យកាន់តែរីកចម្រើន តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីអភិវឌ្ឍន៍នានារបស់ខ្លួន។

ការបង្ហាញជំហររបស់អ្នកតំណាង UNDP បែបនេះធ្វើឡើងក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាថ្ងៃ២៦ កញ្ញា ។

ជំនួបនាពេលនេះ មិនត្រឹមតែជាការជួបសំណេះសំណាលទេ ប៉ុន្តែជាឱកាសពិភាក្សាការងាររួមគ្នា ក្នុងភាពជាដៃគូអភិវឌ្ឍន៍ លើកិច្ចការអាទិភាពមួយចំនួន ជាពិសេសក្នុងវិស័យមុខងារសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។

លោកស្រីអ្នកតំណាង UNDP បានបង្ហាញភាពរីករាយ ចំពោះវឌ្ឍនភាពលើគ្រប់វិស័យនៅកម្ពុជា និងបង្ហាញជំហរក្នុងការបន្តគាំទ្រ ចំពោះការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន ស្របពេលដែលលោកស្រីបញ្ជាក់ថា UNDP គឺជាដៃគូអភិវឌ្ឍន៍សំខាន់មួយរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីអភិវឌ្ឍន៍នានារបស់ខ្លួន។

ក្នុងឱកាសជំនួបនេះដែរ រដ្ឋមន្ត្រី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះការ ចូលរួមចំណែកកន្លងមករបស់ UNDP និងការខិតខំប្រឹងប្រែងក្នុងការគាំទ្រគំនិតផ្តួចផ្តើម និងគម្រោងផ្សេងៗ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។

ដោយឡែក ក្នុងវិស័យមុខងារសាធារណៈផ្ទាល់ កិច្ចសហប្រតិបត្តិការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានអនុញ្ញាតអោយភាគីទាំងពីរសហការរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការជាបន្តបន្ទាប់។

ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការបន្តកិច្ចសហប្រតិបតិ្តការស្របតាមអ្វីដែលមានកន្លងមក និងការគិតគូររួមគ្នាពង្រីកវិសាលភាពបន្ថែម ដើម្បីលើកកម្ពស់វិស័យមុខងារសាធារណៈ តាមរយៈការជំរុញនវានុវត្តន៍ក្នុងវិស័យផ្ទាល់ ក៏ដូចជាការទាញប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ភាពឆ្លើយតប និងបរិយាប័ន្ន ៕

To Top