ព័ត៌មានជាតិ

សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា និង AHKវៀតណាម នឹងចុះ MOU ស្ដីពីកិច្ចប្រជុំកំពូល ធុរកិច្ចអាស៊ាន-កម្ពុជា

ភ្នំពេញ ៖ សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា និងសភាឧស្សាហកម្ម និងពាណិជ្ជកម្មអាល្លឺម៉ង់ (AHK) ប្រចាំនៅវៀតណាម នឹងចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីរំលឹកដល់ទំនាក់ទំនង ដែលត្រូវបានពង្រឹងក្នុងរយៈពេល ៦ខែកន្លងមក ខណៈភាគីទាំងពីរប្តេជ្ញា សម្រេចបាននូវគោលដៅរួម នាពេលអនាគត។

តាមរយៈសេចក្ដីប្រកាសរួម ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងខែឧសភា ដែនសមត្ថកិច្ច របស់ក្រុមការងារ AHK វៀតណាម បានពង្រីកដល់ប្រទេស មីយ៉ាន់ម៉ា កម្ពុជា និង ឡាវ ហើយគណៈប្រតិភូ AHK រួមទាំង ប្រធានតំណាងលោក Marko Walde បានមកទស្សនកិច្ចការិយាល័យ របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក្នុងទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីទីផ្សារ ក្នុងប្រទេសកម្ពុជា និងស្វែងរក ផ្នែកដែលអាចធ្វើកិច្ចសហការបាន ។

ក្នុងចំណោមផ្នែក នៃកិច្ចសហប្រតិបត្តិការ ដែលបានរៀបរាប់ នៅក្នុងអនុស្សរណៈ នៃការយោគយល់គ្នាភាគីទាំងពីរ នឹងចែករំលែកការអនុវត្ត និងចំណេះដឹងល្អៗ ដើម្បីទាក់ទាញការវិនិយោគ និងឱកាសពាណិជ្ជកម្ម កាន់តែច្រើន រវាងប្រទេសអាល្លឺម៉ង់ និងកម្ពុជា។ គោលដៅ ដែលមានចែង ក្នុងអនុស្សរណៈ នៃការយោគយល់គ្នាក៏រួមមានការគាំទ្រការ វិនិយោគនៅកម្ពុជា ពីក្រុមហ៊ុនអាល្លឺម៉ង់ នៅប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ផងដែរ។

ប្រធានតំណាង របស់ AHK ប្រចាំប្រទេសវៀតណាម មីយ៉ាន់ម៉ា កម្ពុជា និងឡាវ លោក Marko Walde មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការពង្រឹងទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងAHK និង សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ ។ ក្នុងរយៈពេល ៦ខែកន្លង មកនេះ ការសហការ របស់យើងកាន់តែរឹងមាំ ហើយការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងការប្តេជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់បន្ថែមទៀត នូវឱកាសពាណិជ្ជកម្ម និងការវិនិយោគ» ។

លោក នាយកប្រតិបត្តិ Martin Brisson បានបន្ថែមថា «យើងមិនអាចធ្វើសកម្មភាព តែម្នាក់ឯង នៅក្នុងអាស៊ាន បានទេ ហើយវាជារឿងសំខាន់ ដែលយើងសហការជាមួយប្រទេស ជិតខាងរបស់យើងដើម្បីជួយ យើងឱ្យសម្រេចបាននូវគោលដៅរួមរបស់យើង»។

លោក គូសបញ្ជាក់ថា អនុស្សរណៈ នៃការយោគយល់គ្នា ដែលផ្ដល់ផលប្រយោជន៍ ទៅវិញ ទៅមក នឹងអនុញ្ញាត ឲ្យស្វែងយល់អំពីភាព ស្មុគ្រស្មាញរបស់ទីផ្សារ វៀតណាម ហើយសង្ឃឹមថា នឹងទាក់ទាញអាជីវកម្មឆ្លង កាត់ព្រំដែនមកកម្ពុជា ៕

To Top