ព័ត៌មានជាតិ

អភិបាលខេត្តពោធិសាត់ ទុកពេល១សប្តាហ៍ ឲ្យមន្ទីរធនធានទឹកបើកផ្លូវទឹក ដើម្បីបញ្ចៀសការលិចលង់លំនៅដ្ឋាន និង ដំណាំពលរដ្ឋ

ពោធិសាត់: លោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិសាត់ ទុកពេលមួយសប្តាហ៍ដើម្បី ឲ្យមន្ទីរធនធានទឹក សហការណ៍ជាមួយមន្ទីរជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន ដើម្បីបើកផ្លូវទឹកបញ្ចៀសការលិចលង់លំនៅដ្ឋាន និង ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅភូមិតតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ ។

លោកបានលើកឡើង កាលពីព្រឹកថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៣ ក្នុងឱកាសដែលលោកបានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៃការលិចលង់លំនៅដ្ឋាន និង ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋជិត ៣០ គ្រួសារ ដែលមានផ្ទៃដីជិត ៥០ ហិចតា ដែលមានការលិចលង់មិនអាចបង្កបង្កើនផលបានអស់រយះពេល ៣ ឆ្នាំកន្លងមកហើយដោយសារតែការស្ថាបនាប្រឡាយស្ទាក់ផ្លូវទឹកមានលក្ខណះតូច។

លោកអភិបាលខេត្តពោធិសាត់ក៍បានអោយដឹងទៀតថា ដោយសារស្ថានភាពប្រឡាយផ្លូវទឹកមានលក្ខណះតូចជាហេតុនាំអោយមានការលិចលង់លំនៅដ្ឋាន និង ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ហេតុនេះក្នុងនាមរដ្ឋបាលខេត្តពោធិសាត់ ស្នើអោយមន្ទីរធនធានទឹក និង ឧតុនិយម និង រដ្ឋបាលស្រុកតាលោសែនជ័យត្រូវប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបើកផ្លូវទឹកអោយបានធំទូលាយ និង ជ្រៅដើម្បីបញ្ចៀសនូវការលិចលង់៕

To Top