ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ សម្រាប់ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួន។
តាមរយៈលិខិត របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ផ្អែកតាមបទពិសោធន៍ ជាងមួយទសវត្សរ៍ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយទទួលបានលទ្ធផលជាមោទកៈ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការអនុវត្តគោល នយោបាយនេះ ពីការទទួលខុសត្រូវពីក្រសួងមហាផ្ទៃ ទៅជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានកែសម្រួល លក្ខណសម្បត្តិ ដែលផ្តោតតែលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទៅគ្របដណ្តប់លើវិស័យជាច្រើនដូចមានក្នុងលក្ខណ សម្បត្តិទាំង៧នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ។
ក្រសួងបញ្ជាក់ថា «ដើម្បីជំរុញ និងលើកកម្ពស់ការ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការ ជូនរាជរដ្ឋាភិបាល សូមណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំគម្រោង ឬសកម្មភាពនានា ដែលពាក់ព័ន្ធនឹងការ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគបីឆ្នាំរំកិលរបស់ខ្លួន» ។
ក្រសួងបន្ដថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវវិភាជន៍ថវិកាសម្រាប់អនុវត្តគម្រោង ឬសកម្មភាពនានាដែលពាក់ព័ន្ធនឹងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ទៅក្នុងផែនការ យុទ្ធសាស្ត្រថវិការបស់ខ្លួន ព្រមទាំងរៀបចំផែនការ សកម្មភាពនិងថវិកា ប្រចាំឆ្នាំស្ដីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»៕