ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីឡាវ ណែនាំឲ្យប្រតិបត្តិករ តំបន់សេដ្ឋកិច្ចពិសេស ត្រៀមលក្ខណៈ សម្រាប់កំណើនទេសចរណ៍

វៀងច័ន្ទ៖ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានបញ្ជាឱ្យប្រតិបត្តិករនៃតំបន់សេដ្ឋកិច្ចពិសេស Boten ក្នុងខេត្តហ្លួង ណាំផា ភាគខាងជើងប្រទេសឡាវ រៀបចំសកម្មភាពទេសចរណ៍ ដើម្បីត្រៀមធ្វើជាប្រធានអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) របស់ប្រទេសឡាវ និងការទៅទស្សនាប្រទេសឡាវ នៅឆ្នាំ ២០២៤។

លោក Sonexay បានទៅទស្សនាតំបន់សេដ្ឋកិច្ចពិសេស Boten នៅភាគខាងជើងប្រទេសឡាវ ជាប់ព្រំដែនប្រទេសចិនកាលពីថ្ងៃទី២១ ខែកញ្ញា ដើម្បីត្រួតពិនិត្យការគ្រប់គ្រងច្រកទ្វារអន្តរជាតិ Boten រវាងឡាវ និងចិន និងសិក្សាអំពីការអភិវឌ្ឍន៍ទាំងមូលនៃតំបន់នេះ នេះបើតាមសារព័ត៌មានក្នុងស្រុក Lao Security News បានរាយការណ៍កាលពីថ្ងៃអង្គារ។

តំបន់នេះស្ថិតនៅចម្ងាយប្រហែល ៣៩០ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ ជាប់ព្រំដែនម៉ូហាន ក្នុងខេត្តយុនណាន ភាគនិរតីនៃប្រទេសចិន ហើយជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរវាងឡាវ និងចិន។

លោក Sonexay បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់គួរតែត្រូវបានកែលម្អ ហើយសកម្មភាពទាក់ទងនឹងទេសចរណ៍ត្រូវបានបង្កើតឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គ្រឿងបរិក្ខារនៅច្រកព្រំដែនរួមមានអគារ និងស្តង់អន្តោប្រវេសន៍ ផ្នែកសម្រាប់ច្រកចូលនៃឡានដឹកទំនិញ និងរថយន្តឯកជន ប៉ុស្តិ៍ត្រួតពិនិត្យទំនិញ និងកន្លែងអន្តោប្រវេសន៍សម្រាប់អ្នកដំណើរតាមរថភ្លើងចិន-ឡាវ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top