ប៉េកាំង៖ ប្រទេសចិន ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយប្រទេសអាល្លឺម៉ង់ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងកិច្ចសន្ទនាសន្តិសុខ និងការផ្លាស់ប្តូរ ដើម្បីបង្កើន និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាល្លឺម៉ង់ នេះបើយោងតាមលោក Chen Wenqing សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិន (CPC) ។
លោក Chen ដែលជាប្រធានគណៈកម្មការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការមជ្ឈិម CPC បានធ្វើការកត់សម្គាល់នៅពេលថ្លែងសុន្ទរកថាបើកកិច្ចសន្ទនាសន្តិសុខកម្រិតខ្ពស់ចិន-អាល្លឺម៉ង់លើកទី៤ ដែលបានធ្វើឡើងនៅថ្ងៃអង្គារថ្មីៗនេះ។
លោក Chen បានលើកឡើងថា ប្រទេសចិន តែងតែយកចិត្តទុកដាក់ និងគាំទ្រយ៉ាងសកម្ម ចំពោះការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ។ លោកថា យន្តការកិច្ចសន្ទនាសន្តិសុខកម្រិតខ្ពស់ចិន-អាល្លឺម៉ង់ បានរួមចំណែកក្នុងការការពារផលប្រយោជន៍សន្តិសុខរួមនៃប្រទេសទាំងពីរ។
ដោយធ្វើសកម្មភាពលើចក្ខុវិស័យនៃសហគមន៍ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសអាល្លឺម៉ង់ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងកិច្ចសន្ទនាសន្តិសុខ និងការផ្លាស់ប្តូរដើម្បីបង្កើន និងបង្រួបបង្រួម ហើយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាល្លឺម៉ង់ និងរួមចំណែកជាវិជ្ជមានក្នុងការកសាងសហគមន៍សន្តិសុខសកល។
លោកបានសម្តែងក្តីសង្ឃឹមថា ប្រទេសចិន និងអាល្លឺម៉ង់ នឹងរួមដៃគ្នាដើម្បីផ្តល់នូវតួនាទីណែនាំជាយុទ្ធសាស្ត្រនៃកិច្ចសន្ទនាសន្តិសុខកម្រិតខ្ពស់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការ ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបានក្នុងវិស័យសន្តិសុខ។
លោកបន្ដថា ភាគីទាំងពីរគួរតែផ្តោតលើការគំរាមកំហែងជាក់ស្តែង យកចិត្តទុកដាក់លើហានិភ័យ ដែលអាចកើតមាន និងជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិត៕ ប្រែសម្រួល ឈូក បូរ៉ា