ភ្នំពេញ ៖ ខណៈទឹកស្ទឹងពោធិ៍សាត់ បាននិងកំពុងជន់ជោរ វាយលុកក្រុងពោធិ៍សាត់និងស្រុកកណ្ដៀង ខណៈនៅត្រើយខាងលិចស្ទឹង ទឹកហូរច្រោះកាត់បានដាច់ផ្លូវមួយចំនួន លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងលោក ខូយ រីដា អភិបាលខេត្តកំពុងដឹកនាំមន្រ្តី និងកំលាំងប្រដាប់អាវុធចុះអន្តរាគមន៍យ៉ាងសស្រាក់សស្រាំតាំងពីទៀបភ្លឺមកម៉្លេះ ។
បណ្ដាញតេឡេក្រាម រដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា គ្រោះធម្មជាតិនេះ បានកើតឡើងតាំងពីទៀបភ្លឺ យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ គឺបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងឥតស្រាកស្រាន្តពីតំបន់ជួរភ្នំក្រវាញ ក្នុងស្រុកវាលវែង កាលពីថ្ងៃទី២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៣។
ទោះជាយ៉ាងនេះក៏ដោយ អាជ្ញាធរខេត្តរំពឹងថា នៅរសៀលថ្ងៃនេះ ទឹកនឹងអាចស្រកចុះទៅវិញ បើសិនជាពុំមានភ្លៀងខ្លាំង នៅក្នុងស្រុកវាលវែងបន្តទៀតទេ ៕