ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Mitsubishi ពិចារណាដកខ្លួនចេញ ពីប្រទេសចិន ដោយសារការលក់ រថយន្ដធ្លាក់ចុះ

ប្រភព៖ Kyodo

តូក្យូ៖ ក្រុមហ៊ុន Mitsubishi Motors Corp កំពុងពិចារណាដកខ្លួនចេញពីការផលិតរថយន្តនៅក្នុងប្រទេសចិន ប្រភពដែលដឹងពីបញ្ហានេះបានឲ្យដឹង ខណៈដែលការលក់របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ធ្លាក់ចុះចំពេលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ចំពោះរថយន្តអគ្គិសនីនៅក្នុងប្រទេស។

ប្រភពបានឲ្យដឹងថា ក្រុមហ៊ុន Mitsubishi Motors ដែលបានផ្អាកការផលិតនៅក្នុងប្រទេសចិនកាលពីខែមីនា ដោយសារការលក់ធ្លាក់ចុះ និងការកើនឡើងនៃម៉ាកក្នុងស្រុក ឥឡូវនេះគ្រោងនឹងផ្តោតលើធនធានរបស់ខ្លួននៅលើទីផ្សារអាស៊ីអាគ្នេយ៍។

នៅក្នុងប្រទេសចិន ក្រុមហ៊ុនជប៉ុន បាននឹងកំពុងផលិតរថយន្ត ដែលប្រើសាំងជាចម្បងនៅរោងចក្រក្នុងខេត្តហួណាន ក្រោមការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Guangzhou Automobile Group ។ រោងចក្រនេះ គឺជារោងចក្រ Mitsubishi Motors តែមួយគត់នៅក្នុងប្រទេស។

ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរការលក់ដែលធ្លាក់ចុះរបស់ខ្លួន ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានចេញនូវកំណែកូនកាត់ថ្មីនៃរថយន្តស្ព័រ Outlander ដ៏លេចធ្លោរបស់ខ្លួន សម្រាប់ទីផ្សារប្រទេសចិន ក្នុងខែធ្នូ។

ប្រភពបានឲ្យដឹងទៀតថា ប៉ុន្តែនោះបានបង្ហាញថាមិនគ្រប់គ្រាន់ ចំពេលដែលការផ្លាស់ប្តូរលឿនជាងការរំពឹងទុក ចំពោះរថយន្តអគ្គិសនីទាំងអស់ និងការពង្រីកទីផ្សារនៃម៉ាកយីហោក្នុងស្រុកនៅក្នុងប្រទេសចិន ដែលឥឡូវនេះជាទីផ្សារ EV ដ៏ធំបំផុតនៅក្នុងពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top