ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនឲ្យដឹងថា ខ្លួនមិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាត ចំពោះការបន្ថែមក្រុមហ៊ុនចិន ចំនួន ៣នាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ទៅក្នុងបញ្ជីឈ្មោះអង្គភាពច្បាប់ការពារការងារដោយបង្ខំជនជាតិអ៊ុយហ្គ័រ។
អ្នកនាំពាក្យក្រសួងបានឲ្យដឹងថា ចំណាត់ការនេះដែលខ្វះមូលដ្ឋានពិតប្រាកដ និងតម្លាភាព គឺជាការបង្ខិតបង្ខំសេដ្ឋកិច្ចបែបបុរាណ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទីភ្នាក់ងារប្រឹក្សាពាណិជ្ជកម្ម Xinjiang Supply Chain និងឯកសារបន្ថែមដែលចេញដោយសហរដ្ឋអាមេរិក បានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបានគាបសង្កត់ក្រុមហ៊ុនចិន ក្រោមបដានៃពាក្យថា “សិទ្ធិមនុស្ស”។
អ្នកនាំពាក្យបានបន្ដថា មិនមានការបង្ខំឱ្យធ្វើការនៅក្នុងតំបន់ស៊ីនជាំង ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកកំពុងបំផ្លាញភាពរុងរឿង និងស្ថិរភាពរបស់តំបន់ស៊ីនជាំង រំលោភលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសនៅក្នុងតំបន់ស៊ីនជាំង និងប៉ះពាល់អវិជ្ជមានដល់សិទ្ធិមនុស្សរបស់អ្នកស្រុកស៊ីនជាំង នៃក្រុមជនជាតិផ្សេងៗនៅក្នុង ឈ្មោះនៃ “សិទ្ធិមនុស្ស” ។
អ្នកនាំពាក្យរូបនេះបានបន្ដថា “សហរដ្ឋអាមេរិកគួរតែបញ្ឈប់ជាបន្ទាន់នូវការអនុវត្តខុសឆ្គងបែបនេះ។ ប្រទេសចិន នឹងចាត់វិធានការចាំបាច់ និងរក្សាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន ក្នុងលក្ខណៈខ្ជាប់ខ្ជួន”៕
ប្រែសម្រួល ឈូក បូរ៉ា