ព័ត៌មានជាតិ

ទូតជប៉ុន៖ កម្ពុជា ជាប្រទេសគំរូពាក់ព័ន្ធការធ្វើបរិវត្តកម្ម ក្នុងប្រព័ន្ធទូទាត់ប្រាក់ តាមប្រព័ន្ធធនាគារ

រូបភាពពី៖​ ទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានប្រាប់លោក លោក វង្សី វិស្សុត​ ថា កម្ពុជា ជាប្រទេសគំរូមួយ ពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្ម ក្នុងប្រព័ន្ធទូទាត់ប្រាក់ តាមប្រព័ន្ធធនាគារ ។

ការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាខាងលើនេះ ធ្វើឡើងក្នុងឱកាស ជួបពិភាក្សាការងារជាមួយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការ​គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត ក៏បានអបអរសាទរ និងបានសម្តែងនូវស្មារតីសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រមុខ នឹងបន្តធានាបាន​ នូវសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរួមចំណែកគាំទ្រដល់កិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ក្នុងជំនួបនេះ លោកឯកអគ្គរាជទូត បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយ ពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្ម ក្នុងប្រព័ន្ធទូទាត់ប្រាក់ តាមប្រព័ន្ធធនាគារ។

ជាមួយគ្នានេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ជប៉ុនជាមិត្តដ៏ល្អជិតស្និត និងស្មោះត្រង់របស់កម្ពុជា ក្នុងគ្រប់កាលៈទេសៈ និងបានធ្វើការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម បច្ចេកវិទ្យា និងការអភិវឌ្ឍនានា នាពេលកន្លមកនេះ។ កម្ពុជា-ជប៉ុន មានចំណងទាក់ទងដ៏យូរលុង ហើយឆ្នាំ២០២៣នេះ គឺជាខួបលើកទី៧០ឆ្នាំ នៃចំណងការទូត រវាងប្រទេសយើងទាំងពីរ។ បច្ចុប្បន្ន ទំនាក់ទំនង និងចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ហើយត្រូវបានដំឡើងកម្រិត ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើង អំពីអាទិភាពសំខាន់ៗ នៃ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែល ផ្តោតសំខាន់ទៅលើការអភិវឌ្ឍ មូលធនមនុស្ស, ការបង្កើន ប្រសិទ្ធភាពអភិបាលកិច្ច និងការលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈឱ្យ កាន់ តែ ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាជនកម្ពុជា និងធានាឱ្យ បាននូវចីរ ភាព នៃការ អភិវឌ្ឍ សង្គម សេដ្ឋកិច្ច សំដៅឈានឆ្ពោះ ទៅ សម្រេច មហិច្ឆតាក្លាយ ជា ប្រទេស មានចំណូល ខ្ពស់នៅ ឆ្នាំ២០៥០។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីលទ្ធភាព ក្នុងការពង្រឹងសហការ ជាមួយរាជរដ្ឋាភិបាលជប៉ុន ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពអភិបាលកិច្ច ការកសាងស្ថាប័នសាធារណៈមួយ​ ដែលរឹងមាំ និងឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ និងជាពិសេសការតាក់តែងច្បាប់ និងរៀបចំក្របខណ្ឌគតិយុត្ត ដែលមានសង្គតិភាព ប្រសិទ្ធភាព ងាយស្រួលក្នុងការអនុវត្ត និងព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
 
លោកឯកអគ្គរាជទូត ក៏បានកោតសរសើរចំពោះការរៀបចំ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលជាឯកសារបង្ហាញផ្លូវយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ហើយបានបញ្ជាក់ថា រាជរដ្ឋាភិបាលជប៉ុន មានឆន្ទៈមុតមាំក្នុងការគាំទ្រ ដល់ការអនុវត្តយុទ្ធសាស្ត្រនេះ ឱ្យបានជោគជ័យ តាមរយៈការបន្សុំ ជាមួយនឹងធម្មនុញ្ញ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ (Development Cooperation Charter) របស់ជប៉ុន។

លោកឯកអគ្គរាជទូត នឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ ដល់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការតាមដាន និងវាយតម្លៃការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» និងមុខងារផ្សេងៗទៀតផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និង លោកឯកអគ្គរាជទូតជប៉ុន បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ ប្រកបដោយផ្លែផ្កា លើការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទូរគមនាគមន៍, ឌីជីថល, សុខភាពសាធារណៈ, ការអប់រំ, ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងឡូជីស្ទីក, ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ, ការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ការអភិវឌ្ឍបច្ចេកវិទ្យា ៥G, និងបង្កើតមូលដ្ឋានគ្រប់គ្រងទិន្នន័យ និងកិច្ចដំណើរការ នៃមជ្ឈមណ្ឌលផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន (Cambodia-Japan Digital Manufacturing – CJDM) ព្រមទាំងការ ទាក់ទាញការវិនិយោគផ្ទាល់ ពីជប៉ុនផងដែរ៕

To Top