ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ប្រកាសអំពីការមកដល់របស់ព្យុះទីហ្វុង Koinu នឹងបង្កជាព្យុះភ្លៀង

រូបភាពពី៖​ AFP

តៃប៉ិ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា កោះតៃវ៉ាន់បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុនៅថ្ងៃអង្គារនេះ ខណៈដែលព្យុះទីហ្វុង Koinu កំពុងខិតជិតមកដល់ ហើយអាចនឹងបោកបក់នៅចុងសប្តាហ៍នេះ ដោយនាំមកនូវខ្យល់ព្យុះ និងភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងដល់ផ្នែកជាច្រើននៅភាគអាគ្នេយ៍នៃដែនកោះនេះ ។

ការិយាល័យអាកាសធាតុបានចេញការព្រមាននៅថ្ងៃអង្គារនេះ បន្ទាប់ពីបានចេញការប្រកាសអាសន្នលើដែនសមុទ្រកាលពីល្ងាចថ្ងៃចន្ទ ។ ព្យុះ Koinu កំពុងរំកិលខ្លួនទៅភាគពាយ័ព្យ ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន១៦២គីឡូម៉ែត្រក្នុង១ម៉ោង ។

ក្រុមអ្នកព្យាករណ៍បានរំពឹងថា ព្យុះនេះនឹងនាំមកនូវខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅផ្នែកខ្លះនៃភាគខាងត្បូង និងភាគខាងកើតនៃកោះតៃវ៉ាន់ នៅព្រឹកថ្ងៃពុធ ហើយអាចនឹងធ្វើឱ្យមានគ្រោះបាក់ដីកើតឡើងនៅភាគអាគ្នេយ៍នៃកោះនេះ នៅថ្ងៃព្រហស្បតិ៍ ។

ឆ្នេរនៅក្នុងឧទ្យានជាតិ Kenting នៅចុងភាគខាងត្បូងនៃកោះតៃវ៉ាន់ ត្រូវបានបិទជាសាធារណៈនៅថ្ងៃអង្គារនេះ ។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរមូលដ្ឋាននៅតំបន់ Taitung ស្ថិតនៅភាគអាគ្នេយ៍បានរាយកម្លាំងប្រចាំនៅតាមតំបន់ឆ្នេរ និងតំបន់ភ្នំជាច្រើនជាតំបន់គ្រោះថ្នាក់ដែលអាចកើតមានឡើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top