ព័ត៌មានជាតិ

លោក ឃួង ស្រេង បញ្ជាឱ្យចុះឆែកតាមក្លឹបកំសាន្តនៅភ្នំពេញដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន និងជួញដូរមនុស្ស

រូបភាពពី៖​ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានជំរុញឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ និងអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគណៈកម្មការមួយ ចុះត្រួតពិនិត្យទីតាំងស្នាក់នៅ រួមនឹងក្លឹបកំសាន្តនៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ ឲ្យបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសគ្រឿងញៀន និងការជួញដូរមនុស្សគ្រប់ទម្រង់។

ការជំរុញរបស់លោក ឃួង ស្រេង បែបនេះធ្វើឡើងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងថា “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវបង្កើតគណៈកម្មការចុះត្រួតពិនិត្យទីតាំងស្នាក់នៅ រួមទាំងក្លឹបកំសាន្តទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខឲ្យបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសទប់ស្កាត់ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សគ្រប់ទម្រង់”។
លោក ឃួង ស្រេង បានបញ្ជាក់ថា គណៈកម្មការនេះ ត្រូវតែចេញដំណើរជាបន្ទាន់ ហើយការចុះត្រួតពិនិត្យ ដាច់ខាតត្រូវធ្វើកំណត់ហេតុ និងចុះហត្ថលេខាពីម្ចាស់ទីតាំង ដែលមានភាគហ៊ុនធំជាងគេ មិនអនុញ្ញាតឲ្យមេការគ្រប់គ្រង មកទទួលខុសត្រូវ ចុះហត្ថលេខាជំនួសនោះទេ។

លោកអភិបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា “ការងារនេះត្រូវតែក្តាប់ឲ្យបាន បើយើងក្តាប់ស្ថិតិនេះមិនបាន តើយើងធ្វើអីកើត។ ចំពោះការគ្រប់គ្រងអាវុធជាតិផ្ទុះជារឿងសំខាន់ ដែលយើងត្រូវពង្រឹងនិងគ្រប់គ្រងឲ្យបាន ដើម្បីកុំអោយក្រុមសង្គមងងឹត ធ្វើសកម្មភាពបាន” ។
លោក ឃួង ស្រេង បានបញ្ជាក់ថា “ការរឹតបន្តឹងខ្លាំង មិនប៉ះពាល់ដល់វិស័យទេសចរណ៍ទេ បើរាជធានីភ្នំពេញ មានសន្តិសុខល្អប្រសើរ នោះអ្នកទេសចរបរទេស នឹងមកលេងរាជធានីភ្នំពេញ កាន់តែច្រើនហើយ។ ការរឹតបន្តឹងខាងលើនេះ ត្រូវអនុវត្តចាប់ពីពេលនេះតទៅ រហូតដល់បុណ្យភ្ជុំបិណ្ឌ បន្តដល់បុណ្យអុំទូកនិងបន្តរហូតទៅ “៕

To Top