ព័ត៌មានអន្តរជាតិ

ថៃ​ ៖ ក្រោយហេតុការណ៍បាញ់ ស្លាប់ជនបរទេស២នាក់, ផ្សារទំនើប Siam Paragon បើកឡើងវិញ ជាមួយនឹងវិធានការ សន្តិសុខយ៉ាងតឹងរ៉ឹង

The Nation

បរទេស ៖ ផ្សារទំនើប Siam Paragon បានចូលរួមរំលែកទុក្ខ ចំពោះឧប្បត្តិហេតុបាញ់ប្រហារដ៏ធំ ដែលបានកើតឡើង នៅផ្សារទំនើបមួយនេះ ខណៈកំពុងផ្តល់ជំនួយដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ព័ត៌មានចុងក្រោយពីអគ្គស្នងការនគរបាលជាតិ បានបង្ហាញថា មនុស្ស៥នាក់ បានរងរបួស ក្នុងនោះមានបុគ្គលិកសន្តិសុខរបស់ផ្សារទំនើបម្នាក់ ដែលព្យាយាមអន្តរាគមន៍ភ្លាមៗ ហើយជនជាតិបរទេសពីរនាក់បានស្លាប់ ។

Siam Paragon បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព ហើយបានសន្យាថា នឹងផ្តល់ជំនួយដ៏អស់ពីលទ្ធភាពដល់ពួកគេ។ ចំពោះអ្នករបួស ក្រុមហ៊ុននឹង ផ្តល់ការថែទាំរហូតដល់ពួកគេជាសះស្បើយពេញលេញ។ Siam Paragon រក្សាគោលនយោបាយ និងវិធានការសន្តិសុខ យ៉ាងតឹងរឹង ដើម្បីផ្តល់អាទិភាព ដល់សុវត្ថិភាពរបស់អតិថិជន បុគ្គលិក និងអាជីវកម្មទាំងអស់នៅក្នុងផ្សារទំនើប។

សេចក្តីថ្លែងការណ៍របស់ផ្សារក៏បានថ្លែងអំណរគុណចំពោះប៉ូលីស អ្នកស្ម័គ្រចិត្ត និងបុគ្គលិកសន្តិសុខនៅផ្សារ ទំនើបសម្រាប់ការឆ្លើយតបរហ័ស និងការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការបាញ់ប្រហារដ៏ធំ ហើយបានផ្តល់ពេលវេលា នៃសោកនាដកម្ម ដែលចាប់ផ្តើមពីពេលដែលអ្នកបាញ់មកដល់។

គិតត្រឹមព្រឹកថ្ងៃទី៤ ខែតុលា សកម្មភាព នៅក្នុងផ្សារទំនើប Siam Paragon ត្រូវបានរាយការណ៍ថា មានដំណើរការជាធម្មតា។ សេវាកម្មត្រូវបានផ្តល់ ជូនជាធម្មតាទាំង ក្នុងតំបន់ផ្សារទំនើប និង សាលធំ ដោយមានបុគ្គលិកសន្តិសុខ ប្រចាំការនៅតាមចំណុចផ្សេងៗ ដើម្បីសម្រួលភាពងាយ ស្រួលដល់អតិថិជន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top