ភ្នំពេញ៖ ដើម្បីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិជួរក្រោយ និងដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់ នៅពេលខាងមុខនេះ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ មានទីតាំងស្ថិតនៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួង អញ្ជើញទៅសាកសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ។
លោកឧត្ដមសេនីយ៍ គុជ នាង បានធ្វើរបាយការណ៍បញ្ជាក់ថា ៖ កន្លងមកក្រសួងបានផ្ដល់អគារស្នាក់នៅ សម្រាប់កងទ័ព ចំនួន ១០ខ្នង, អគារហ្វឹកហ្វឺន ចំនួន ១ខ្នង, អាគារប្រចាំការចំនួន ១ខ្នង, វេទិកាចំនួន ១ខ្នង, ទំនប់បង្ហូរទឹក ១កន្លែង, អណ្ដូងស្នប់ចំនួន២០អណ្តូង អាងស្ដុកទឹកចំនួន ៣អាង និងគ្រឿងសំណង់ជាច្រើន សម្រាប់យកមកកសាងហេដ្ឋារចនាសម្ព័ន្ធ និងកសាងប្រព័ន្ធប្រៀបការពារជាតិ ។
លោក ឆាយ ប្ញទ្ធិសែន បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ ការពារបូរណភាពទឹកដី រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
លោករដ្ឋមន្ដ្រី ក៏បានលើកឡើងថា កងយោធពលខេមរភូមិន្ទ គឺជាគ្រឹះយ៉ាងរឹងមាំ សម្រាប់ការពារបូរណភាពទឹកដី អធិបតេយ្យភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតឡើង ពីការបោះឆ្នោតស្របច្បាប់ និងការពារនូវរាល់សមិទ្ធផល របស់រាជរដ្ឋាភិបាល ។
ឆ្លើយតបទៅនឹងសំណូមពរ របស់មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥២ លោក ឆាយ ប្ញទ្ធិសែន បានយល់ព្រមជួយសាងសង់អគារស្នាក់នៅ បង្គន់អនាម័យ និងអាងស្តុកទឹក ជូនដល់កងពលផងដែរ។
បន្ទាប់មក គណៈអធិបតី បានផ្ដល់អំណោយជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន និងអង្គភាពកងពលតូចថ្មើរជើងលេខ៥២ មានថវិកា ចំនួន ២៣ ៧០០ដុល្លារអាមេរិក , អង្ករ ៣ តោន, ទឹកបរិសុទ្ធ ៥០ កេស , មីយើង ១០០ កេស , ទឹកស៊ីអ៊ីវ ៥០ យួរ , ទឹកត្រី ៥០ យួរ , ស្ករស ២០០ គីឡូក្រាម , ប្រេងឆា ១៥០ លីត្រ នំតែលាវ ៥ធុង និងនំអន្សម ៥០០ នំ ៕