ព័ត៌មានជាតិ

ព្រះមហាក្សត្រ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ សុក្រឹតបំផុត និងជាអាជ្ញាកណ្ដាល

រូបភាពពី៖​ ទទក

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានព្រះរាជសង្កេតឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញបច្ចុប្បន្នមានលោកបណ្ឌិត លឹម ឈុនលឹមជាប្រធាន បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័នកំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេលបោះឆ្នោតសកល និងអសកលម្តងៗ

ការសម្តែងហឬទ័យរបស់ព្រះអង្គអំពីស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលនេះ បានធ្វើឡើងក្នុងព្រះរាជពិធីអបអរសាទទិវារំលឹកខួប៣០ឆ្នាំនៃ ការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី៦ តុលា ។ ព្រះអង្គសម្តែងព្រះហឬទ័យយ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័នជាតិនឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ ប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូណ៍រុងរឿងរស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តទៅ ។

ព្រះអង្គមានព្រះរាជបន្ទូលបន្តថា “ជានិច្ចកាលខ្ញុំបានសង្កេតឃើញក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័នកំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេលបោះឆ្នោតសកល និងអសកលម្តងៗ ឲ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំប្រកបដោយមគ្គុទ្ទេសភាពដ៏ប៉ិនប្រសប់ឈ្លាសវៃ ទន់ភ្លន់ត្រឹមត្រូវ យុត្តិធម៌តែម៉ឹងម៉ាត់ និងមានទេព កោសល្យប្រកបដោយបរិយាបន្ន របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា បច្ចុប្បន្នជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ , សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រក្សាបាននូវសាមគ្គីដ៏រឹងមាំ ធ្វើសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ស្មោះត្រង់ និងជឿជាក់គ្នាទៅវិញទៅមក មានសុខដុមភាព ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ រហូតទទួលបានជោគជ័យយ៉ាងធំធេងលើគ្រប់វិស័យ ឈានទៅទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ”។

ព្រះអង្គមានព្រះរាជបន្ទូលបន្ថែមដោយកោតសរសើរចំពោះសម្តេច សាយ ឈុំ សម្តេចហេង សំរិន សម្តេចតេជោ ហ៊ុន សែន សហស្ថាបនិកដ៏អស្ចារ្យប៉ិនប្រសប់ និងឈ្លាសវៃ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើការផ្តួចផ្តើមឲ្យមានការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ឡើងមក ។

ព្រះអង្គបានរំលឹកទៀតថា ក្រោយសេចក្តីព្រាងបានរៀបចំរួចរាល់ហើយគណៈប្រតិភូជាន់ខ្ពស់មួយ ដែលមានការដឹកនាំដោយសម្តេចតេជោ មានឥស្សរជនមួយចំនួន ជាក្រុមប្រឹក្សាអ្នកច្បាប់ក្នុងខែសីហា ឆ្នាំ១៩៩៣ បានធ្វើដំណើរទៅព្រះរាជដំណាក់នៅទីក្រុងព្យុងយ៉ាង នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដើម្បីឆ្លងព្រះរាជតម្រិះចុងក្រោយ អំពីព្រះករុណាព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” ។ ពេលបានទទួលការប្រោសព្រះរាជ តម្រិះដ៏ខ្ពង់ខ្ពស់បំផុតដែលឆ្លងរួចហើយនោះក៏បានយកសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះ មកឆ្លងការអនុម័តរបស់សភាធម្មនុញ្ញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ទើបកើតចេញជារដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិរហូតមកដល់បច្ចុប្បន្ន និងបន្តទៅមុខទៀត ដែលត្រូវបានគោរពនិងប្រតិបត្តិតាមច្បាប់កំពូលនេះរហូតមក ដែលទាំងអស់គ្នា កំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំជាទិវាប្រកាសរដ្ឋធម្មនុញ្ញ ហើយសភាធម្មនុញ្ញបានត្រឡប់មកជារដ្ឋសភាកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មក ៕

To Top