បរទេស៖ ប៉ូលិសបាននិយាយថា អតីតឯកអគ្គរដ្ឋទូតថៃ ប្រចាំប្រទេសដាណឺម៉ាក ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ទឹក នៅក្នុងផ្ទះមួយក្នុងទីក្រុងបាងកក គឺត្រូវបានគេចាក់សម្លាប់។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្នងការរងនគរបាលក្រុងបាងកក លោកឧត្តមសេនីយ៍ទោ Noppasilp Poonsawat បាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយប៉ូលីស ដើម្បីដោះស្រាយករណីនេះ នៅប៉ុស្តិ៍នគរបាល Suthisanថា ការធ្វើកោសល្យវិច្ច័យលើសាកសពកាលពីព្រឹកថ្ងៃអាទិត្យ បានបង្ហាញថា ជនរងគ្រោះត្រូវបានគេចាក់ចំនួនបីកំបិតចំដើមទ្រូង។
សាកសពរបស់លោក Vichit Chitvimarn អាយុ ៦៣ ឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងបង្គន់នៅជាន់ទីពីរនៃផ្ទះដែលមានបីជាន់ក្នុងសង្កាត់ Chatuchak ទីក្រុងបាងកក។
នាយឧត្តមសេនីយ៍ Noppasilp Poonsawat បាននិយាយថា ស្នាមចាក់ចំនួន៣ត្រូវបានរកឃើញនៅលើដើមទ្រូងរបស់អតីតអ្នកការទូតរូបនេះ ។ ក្នុងការពិនិត្យប្រអប់ឈើមួយមានកាំបិតផ្ទះបាយចំនួន៥នៅក្នុងផ្ទះបាយនៅជាន់ទី១ ប៉ូលិសធ្វើកោសល្យវិច្ច័យបានរកឃើញប្រឡាក់ឈាមនៅលើកាំបិតចំនួន២។
លោកបន្តថា ជាន់ទី១ និងជាន់ទី២ ក្នុងផ្ទះត្រូវបានគេប្រទះឃើញមានការរុះរើដែលនាំឱ្យមានការជឿថា បញ្ហាចោរកម្មប្រហែលជាមូលហេតុនៃការចាក់សម្លាប់នេះ។ លោកបានបន្ថែមថា វីដេអូពីកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះកំពុងត្រូវបានពិនិត្យ។
ប្រភពបានឲ្យដឹងថា ជាធម្មតា លោក Vichit Chitvimarn រស់នៅម្នាក់ឯង ប៉ុន្តែសាក្សីប្រាប់សមត្ថកិច្ចថា មុនពេលស្លាប់ លោកបាននៅជាមួយកូនចុងអាយុ១៧ឆ្នាំ ។ ប៉ូលិសបានឃាត់ខ្លួនយុវជនរូបនេះដើម្បីសួរចម្លើយ។
ប៉ូលីសបាននិយាយថា ពួកគេនឹងកោះហៅក្មេងប្រុសពីរនាក់អាយុ ១៤ឆ្នាំ និង ១៧ឆ្នាំ មកសាកសួរ ដោយសង្ស័យថាពួកគេអាចជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មនេះ៕ ប្រែសម្រួលៈ ណៃ តុលា