បរទេស៖ វ៉ាស៊ីនតោន ត្រូវតែធ្វើការជាមួយអ៊ីស្រាអែល ដើម្បីស៊ើបអង្កេតប្រភពដើមនៃសព្វាវុធផលិតដោយសហរដ្ឋអាមេរិក ដែលត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ក្នុងការវាយប្រហារដែលកំពុងបន្តប្រឆាំងនឹងប្រទេសអ៊ីស្រាអែល, នេះតាមតំណាងគណបក្សសាធារណរដ្ឋ លោកស្រី Marjorie Taylor Greene បាននិយាយកាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិកសភាអាមេរិករូបនេះបានចោទថា សព្វាវុធដែលប្រើដោយក្រុមហាម៉ាស ប្រហែលជាមានប្រភពមកពីអ៊ុយក្រែន ឬអាហ្វហ្គានីស្ថាន ហើយបំណែកដែលរឹបអូសបានត្រូវតែតាមដានដើម្បីកំណត់ប្រភពរបស់សព្វាវុធទាំងនោះ។
សមាជិកសភារូបនេះបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនគេស្គាល់ថា Twitterថា “យើងត្រូវធ្វើការជាមួយអ៊ីស្រាអែល ដើម្បីតាមដានលេខសៀរៀល លើអាវុធណាមួយរបស់សហរដ្ឋអាមេរិក ដែលក្រុមហាម៉ាសប្រើប្រឆាំងនឹងអ៊ីស្រាអែល។ តើសព្វាវុធទាំងនោះមកពីអាហ្វហ្គានីស្ថាន? តើបានមកពីអ៊ុយក្រែន? ហើយទំនងជាចម្លើយគឺទាំងពីរ» ។
រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងរឹងមាំណាមួយដើម្បីបម្រុងទុកការអះអាងបែបនេះ នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់វីដេអូដែលមិនមានការបញ្ជាក់មួយបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត ដែលបង្ហាញឱ្យឃើញក្រុមសកម្មប្រយុទ្ធហាម៉ាស “អរគុណ” ប្រជាជនអ៊ុយក្រែនសម្រាប់សព្វាវុធ ខណៈពេលដែលបង្ហាញបំណែកជាច្រើនរបស់អាវុធដែលផលិតដោយសហរដ្ឋអាមេរិក រួមទាំងឧបករណ៍បាញ់គ្រាប់បែកប្រឆាំងរថក្រោះ M136 ផងដែរ។
អាមេរិកបាននិងកំពុងផ្តល់ជំនួយយោធាយ៉ាងខ្ជះខ្ជាយចូលក្នុងប្រទេសអ៊ុយក្រែនអស់រយៈពេលជាងមួយឆ្នាំកន្លះរួចមកហើយ ដោយបានជំរុញក្រុងគៀវក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុងម៉ូស្គូ។ អ៊ុយក្រែនបានប្រឈមមុខនឹងការចោទប្រកាន់ម្តងហើយម្តងទៀតអំពីការប្រើប្រាស់ និងលក់អាវុធ ជាមួយនឹងការផ្តល់ជូនសព្វាវុធជាច្រើនរាប់ចាប់ពីអាវុធ រហូតដល់គ្រាប់មីន និងគ្រាប់មីស៊ីលប្រឆាំងរថក្រោះម្តងហើយម្តងទៀតនៅលើសំណាញ់ងងឹត៕ ប្រែសម្រួលៈ ណៃ តុលា