ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា សុវត្ថិភាពប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអ៊ីស្រាអែលដែលកំពុងស្ថិតនៅក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន គឺជាការងារអាទិភាពធំបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្គ្រោះពួកគាត់ឲ្យមានសុវត្ថិភាព ដែលរស់នៅទីនោះ។
ក្នុងឱកាសប្រកាសដាក់ដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាំងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនសម្ដេចផ្ទាល់ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជានិស្សិតខ្មែរម្នាក់ ឈ្មោះ ចាន់ ឧត្តម បានបាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាង កងទ័ពអ៊ីស្រាអែល និងកងទ័ពហាម៉ាស់ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងមក។
សម្ដេចធិបតីថា «ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ឲ្យជ្រាបថា ជាពិសេស និស្សិតរបស់យើងដែលកំពុងមានវត្តមាន នៅប្រទេសអ៊ីស្រាអែល ក៏ដូចជា គ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជា ថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង នៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលដែលយើងបានខិតខំបន្ដជាប់ជាប្រចាំទាំងយប់ ទាំងថ្ងៃ ដើម្បីធានា និងសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើង ជាពិសេស និស្សិតរបស់យើង ទទួលការពារ និងទទួលបានសុវត្ថិភាពរបស់ខ្លួន»។
សម្ដេចធិបតីបន្ដថា គិតមកដល់ម៉ោងនេះ និស្សិត និងពលរដ្ឋខ្មែរកំពុងស្នាក់នៅអ៊ីស្រាអែល ចំនួន ៣២៣នាក់ ក្នុងចំណោមនិស្សិត និងពលរដ្ឋសរុប ៤៥៤នាក់ ត្រូវបានជម្លៀសមកទីតាំងសុវត្ថិភាពហើយ ដោយរាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទិន្នន័យ និងព័ត៌មានរបស់ពួកគាត់រួចហើយ។ ប៉ុន្តែ សម្ដេចធិបតីបញ្ជាក់ថា នៅនិស្សិត និងពលរដ្ឋប្រមាណ១៣១នាក់ទៀត កំពុងស្វែងរកទិន្នន័យព័ត៌មានបន្ថែមទៀត ដើម្បីងាយស្រួលក្នុងជួយអន្តរាគមន៍។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបណ្ដាលឲ្យនិស្សិតខ្មែរម្នាក់ បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត៕