ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋ-និស្សិតខ្មែរ ត្រូវជឿជាក់លើអាជ្ញាធរអ៊ីស្រាអែល ក្នុងការធានាសុវត្ថិភាព

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារជាសំឡេងប្រាប់ទៅប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅអ៊ីស្រាអែល ត្រូវជឿជាក់ទៅលើសមត្ថភាពអាជ្ញាធរនៅទីនោះ ក្នុងការធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋអ៊ីស្រាអែល និងជនបរទេស។

តាមរយៈសារសំឡេង នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋ និងនិស្សិត ៤៥៤នាក់ រស់នៅអ៊ីស្រាអែល មាន៣២៣នាក់ បានចល័តមកទីតាំងមានសុវត្ថិភាព ខណៈ១៣០នាក់ទៀត កំពុងរស់នៅទីតាំងមានហានិភ័យនៅឡើយ។ សម្ដេចថា ស្ថាប័នជាតិរបស់កម្ពុជា ក៏បានបន្ដតាមដានជាប់ជានិច្ចចំពោះបញ្ហានៅអ៊ីស្រាអែល។

សម្ដេចធិបតីគូសបញ្ជាក់ថា «ខ្ញុំ សូមអំពាវនាវឲ្យបងប្អូនខ្មែរយើង នៅប្រទេសអ៊ីស្រាអែល ជាពិសេស ប្អូនៗ ក្មួយៗ និស្សិតបន្ដយកចិត្តទុកដាក់ ក្នុងថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងគោរពឲ្យបានម៉ឺងម៉ាត់ចំពោះរាល់ការណែនាំ របស់អាជ្ញាធរអ៊ីស្រាអែល»។

សម្ដេចធិបតីបន្ដថា «សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់ និងជឿជាក់ទៅលើសមត្ថភាពអាជ្ញាធរអ៊ីស្រាអែល ដែលជាម្ចាស់ផ្ទះ ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់ រួមមាន ប្រជាពលរដ្ឋអ៊ីស្រាអែល និងគ្រប់ជនជាតិ ដែលរស់នៅលើទឹកដីអ៊ីស្រាអែល រួមទាំងបងប្អូនខ្មែរយើងផងដែរ»។

សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា រដ្ឋាភិបាលអ៊ីស្រាអែល ក៏បានបញ្ជាក់ជូនបណ្ដាប្រទេស ដែលមានប្រជាពលរដ្ឋរស់នៅអ៊ីស្រាអែលថា អ៊ីស្រាអែល មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប។ រដ្ឋាភិបាល នឹងជួយជនបរទេស ក៏ដូចជនជាតិអ៊ីស្រាអែល ផងដែរ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបណ្ដាលឲ្យនិស្សិតខ្មែរស្លាប់ផងដែរ ៕

To Top