បរទេស៖ រដ្ឋលេខាធិការមន្ត្រីក្រសួងការបរទេសថៃលោក Jakkapong Sangmanee ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅវិមានរដ្ឋាភិបាល នៅថ្ងៃអង្គារថា ចំនួនប្រជាជនថៃដែលបានបញ្ជាក់ថាបានស្លាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល គឺបានកើនឡើងដល់ ១៨ នាក់ហើយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Jakkapong Sangmanee ថា ការប្រគល់សាកសពរបស់ពួកគេទៅប្រទេសថៃត្រូវរង់ចាំរហូតដល់កងកម្លាំងអ៊ីស្រាអែលដណ្តើមយកតំបន់មរណៈឡើងវិញ។
លោកបាននិយាយថា ពលករថៃបន្តត្រូវបានជម្លៀសចេញពីតំបន់ហានិភ័យក្នុងប្រទេសអ៊ីស្រាអែល។
មានពលករថៃប្រមាណ ៣០.០០០នាក់នៅអ៊ីស្រាអែល ហើយប្រមាណ៥.០០០នាក់ស្ថិតក្នុងតំបន់ជម្លោះ។ រហូតមកដល់ពេលនេះ មានមនុស្សប្រមាណ ៣.០០០នាក់បានបង្ហាញបំណងចង់ត្រឡប់ទៅផ្ទះវិញ។ លោក Jakkapong បាននិយាយថា ក្រុមទីមួយត្រូវបានគេរំពឹងថានឹងត្រឡប់មកវិញនៅថ្ងៃព្រហស្បតិ៍។
រដ្ឋលេខាធិការក្រសួងការបរទេសថៃរូបនេះ បានបន្តថា ជនជាតិថៃប្រហែល ១០០ នាក់បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនចង់ត្រឡប់ទៅផ្ទះវិញភ្លាមៗនោះទេ។ លោក Jakkapong បាននិយាយថា ដំណើរការធ្វើមាតុភូមិនិវត្តន៍ដំបូងនឹងពឹងផ្អែកលើជើងហោះហើរពាណិជ្ជកម្ម និង ជើងហោះហើរពិសេស ដោយសារយន្តហោះយោធាមិនត្រូវបានអនុញ្ញាតឱ្យចុះចតនៅអ៊ីស្រាអែលឡើយ ខណៈដែលការប្រយុទ្ធកំពុងខិតជិតព្រលានយន្តហោះ៕ ប្រែសម្រួលៈ ណៃ តុលា