ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ចំពោះបំណងចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយនានា ហើយសម្តេចក៏ប្រកាសថា នឹងមិនព្យាយាមត្រួតត្រាលើបក្សទាំងនោះទេ ក្រោយពីចងរួមមេត្រីជាមួយគ្នា ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍បែបនេះក្រោយពីគណបក្សនយោបាយនានា ចេញសេចក្តីថ្លែងការណ៍ និងដាក់សំណើជាបន្តបន្ទាប់ដើម្បីសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា នាព្រឹកព្រលឹមថ្ងៃ១១ តុលា ។
តាមរយៈសំឡេងនារសៀលថ្ងៃ១១ តុលា សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគំនិតផ្ដួចផ្ដើម និងបំណងដ៏ល្អរបស់បណ្ដាលគណបក្សនយោបាយដែលបានផ្ញើ និងធ្វើសេចក្ដីថ្លែងការណ៍រួចមកហើយ»។
សម្ដេចតេជោបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាន នៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។
សម្តេចថា “គណបក្សប្រជាជនកម្ពុជា មិនព្យាយាម ដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ ជាដៃគូស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា”។
សម្ដេចតេជោបន្ដថា គណបក្សប្រជាជនកម្ពុជា មិនបានគិតថា គណបក្សរបស់ខ្លួនជាគណបក្សធំ ហើយគណបក្សនយោបាយដទៃ ដែលចូលរួមការបោះឆ្នោត ឬមិនបានចូលរួមការបោះឆ្នោត ជាគណបក្សតូចតាច ឬក៏ជាគណបក្សដែលមិនស័ក្ដិសមធ្វើជាដៃគូនោះទេ ដូច្នេះកុំយល់ច្រឡំ។
ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច សម្តេចអះអាងថា នឹងផ្ដល់ការគោរពចំពោះគណបក្សនយោបាយទំាងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា គណបក្សដែលបានដាក់ពាក្យចូលរួមបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៣ កក្កដា កន្លងមកនេះ មានទាំងអស់២០គណបក្ស ៕