ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំ នៅក្នុងមូលដ្ឋានរបស់ខ្លួន នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ពោលគឺត្រូវជួយមើលថែទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ខណៈពលរដ្ឋទៅស្រុកកំណើត ឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ។
បន្ថែមពីនេះ អាជ្ញាធរខណ្ឌទាំង១៤ កម្លាំងសមត្ថកិច្ចនិងមន្ទីរពាក់ព័ន្ធត្រូវត្រៀមរៀបចំ ព្រះរាជពិធីបុណ្យអុំទូកឲ្យបានធំ និងបានល្អប្រសើរ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ នេះជាការបញ្ជាក់ របស់លោកអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈ រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរសៀលថ្ងៃទី១១តុលានេះ ។
លោក ឃួង ស្រេង បានលើកឡើងថា “អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថា ក្នុងពិធីបុណ្យនេះ ពួកគាត់ភាគច្រើន ទៅស្រុកកំណើត ឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ដែលយើងត្រូវមើលថែទ្រព្យសម្បត្តិជំនួសពួកគាត់ ។ កិច្ចការពារសន្តិសុខនេះ ក៏ត្រូវបន្តរហូតដល់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ក្រោយពីព្រះរាជពិធីនេះ បានអាកខានអស់ជាច្រើនឆ្នាំដោយសារការរាត្បាត ដោយជម្ងឺកូវីដ-១៩”។
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំជាគណៈកម្មការរួចរាល់ហើយ ដើម្បីឲ្យព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។
ក្នុងកិច្ចប្រជុំនេះ ក៏បានបង្ហាញពីគម្រោងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុកឆ្នាំនេះផងដែរ បើតាមគម្រោងព្រះរាជពិធីឆ្នាំនេះ នឹងមាន ទូក ង ចូលរួមប្រណាំង ប្រមាណជាង៣០០ទូក (រាជធានីភ្នំពេញ មានប្រមាណជាង៤០ទូក), មានកីឡាករ កីឡាការិនីចំណុះទូក ប្រមាណជិត២ម៉ឺននាក់ និងមានប្រទីពចូលរួមប្រមាណ ជាង២០ប្រទីព។ ចំពោះទីតាំងសម្រាប់ការស្នាក់នៅ របស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះ នៅអតីតៈឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាប ក្នុងដីអភិវឌ្ឍន៍OCICខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វាមួយទីតាំងទៀត ហើយទីតាំងទាំង២នេះ នឹងការរៀបចំបណ្តាញទឹក ភ្លើងនិងបង្គន់អនាម័យ យ៉ាងល្អប្រសើរផងដែរ៕