ព័ត៌មានជាតិ

លោក ឃួង ស្រេងថា ដើម្បីសុវត្ថិភាពពលរដ្ឋ អ្នកបើក រថយន្តក្រុងសាធារណៈ សុទ្ធតែពិនិត្យរកសារធាតុញៀន

រូបភាព៖ ដើមអម្ពិល

ភ្នំពេញ៖ នៅព្រឹក១២ តុលានេះ មានប្រជាពលរដ្ឋជាច្រើននាំគ្នា សប្បាយរីករាយទទួលយក សេវារថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ធ្វើដំណើរ ទៅកាន់ស្រុកកំណើត ដោយឥតបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជាអំណោយដ៏ថ្លៃថ្លា​ របស់ប្រមុខរាជរដ្ឋាភិបាល ទាំងអាណត្តិចាស់ និងជាពិសេសអាណត្តិទី៧នេះតែម្តង ។

ជុំវិញការផ្តល់ជូនភាពសប្បាយរីករាយ និងកាត់បន្ថយការចំណាយរបស់ពលរដ្ឋ អាជ្ញាធរ ក៏បានត្រួតពិនិត្យបន្ថែម ដើម្បីសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋផងដែរ ដោយក្នុងនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលដែលប្រទេសជប៉ុន ចិន កូរ៉េ ជួយរថយន្តមកនេះ ភាគីម្ចាស់ជំនួយ បានណែនាំ ឲ្យរៀបចំទីកន្លែងថែទាំ ដោយមានអ្នកបច្ចេកទេសជំនាញ ក្នុងការថែទាំជាប្រចាំ ។

ក្នុងនោះដែរ លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា “ជុំវិញអ្នកបើកបរ យើងបានហៅប្រជុំជារៀងរាល់សប្តាហ៍ និងបានណែនាំ ដោយឡែកនៅពេលមានការ ដឹកជញ្ជូនផ្លូវឆ្ងាយ យើងក៏បានណែនាំគាត់ពីបញ្ហានេះ ក្រៅពីនេះយើងសង្កេត និងត្រួតពិនិត្យថាតើអ្នកបើកបររថយន្តរបស់យើងនេះ មានពាក់ព័ន្ធនឹងការសេពគ្រឿងញៀនឬអត់ នេះជាកិច្ចការងារយើង ដែលបានធ្វើយ៉ាងល្អិតល្អន់ ក្រោមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល” ។

ឆ្លៀតក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានសំណូមពរ ឲ្យប្រជាពលរដ្ឋយល់ថា “កិច្ចការងារនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តពីសម្តេចតេជោ និងជម្រាបជូនថា បន្តវេនដើម្បីអភិវឌ្ឍន៍ បន្តវេនដើម្បីការរីកចម្រើន បន្តវេនដើម្បីសេចក្តីរុងរឿង របស់ប្រជាពលរដ្ឋរបស់យើង មិនខ្លាចអ្វីនឹងបន្តវេននោះទេ” ។

លោក ឃួង ស្រេង បន្ថែមទៀតថា “យើងអាចនិយាយបានថា នេះជាកិច្ចការងារមួយ របស់សម្តេចតេជោ ដែលបានគិតគូរយ៉ាងល្អិតល្អន់ ដល់ទៅប្រជាពលរដ្ឋនៅស្រទាប់ក្រោម ដែលគាត់មានការខ្វះខាត” ។

សូមរំលឹកថា នៅព្រឹកនេះ លោកឃួង ស្រេង រួមជាមួយមន្ត្រីជាច្រើនរូបទៀត បានមកជូនដំណើរ កម្មករ-កម្មការិនី និងប្រជាពលរដ្ឋឡើងជិះរថយន្តក្រុង ទៅស្រុកកំណើតតាមខេត្តក្រុង នានា នៅទីលានប្រជាធិបតេយ្យ ទល់មុខអតីតឃ្លាំងសាំង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ក្រោយមានបទបញ្ជាពីនាយករដ្ឋមន្រ្តីលោក ឃួង ស្រេងបានបញ្ចេញរថយន្តក្រុង ដឹកអ្នកដំណើរចំនួន៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយដឹកជញ្ជូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋ រយៈពេល ៥ថ្ងៃ ដោយមិនបង់ប្រាក់ ចាប់ផ្តើមអនុវត្តពីថ្ងៃ១២-១៦ តុលា៕

To Top