ព័ត៌មានជាតិ

កម្មករអរគុណរាជរដ្ឋាភិបាល ដែលបានផ្តល់មធ្យោបាយធ្វើដំណើរដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖កម្មករ​អរគុណរាជរដ្ឋាភិបាលដែលបានផ្តល់មធ្យោបាយធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយពួកគេលើកឡើងថា ការជិះរថយន្តក្រុងគឺជួយសន្សំការចំណាយថវិកា និង មានសុវត្ថិភាពក្នុងការធ្វើដំណើរ។

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបានបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិតនិងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ក្នុង​ឱកាស​ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។

កម្មការិនីរោងចក្រ ប៊ី អេស ម្នាក់ឈ្មោះ សេង ស្រីពេជ្របាននិយាយថា ការជិះរថយន្តក្រុងទៅស្រុកកំណើតគឺជួយកាត់បន្ថយការចំណាយ និង មានសុវត្ថិភាព ព្រោះរៀងរាល់ឆ្នាំរូបនាងធ្លាប់តែជិះម៉ូតូទៅស្រុកកំណើត។

កម្មការិនីរូបនេះនិយាយថា៖ « ខ្ញុំសប្បាយចិត្តណាស់ បានជិះរថយន្តក្រុង គឺចំណេញថវិកា ទុកលុយមួយចំណែកនេះសម្រាប់ធ្វើបុណ្យនៅស្រុកកំណើត សូមអរគុណរដ្ឋាភិបាលសម្រាប់ការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ និង កម្មករ-កម្មារិនី»។
លើកឡើងស្រដៀងគ្នានេះ កម្មករម្នាក់ទៀតឈ្មោះ ហាក់ សេងលី បាននិយាយថា កាលពីឆ្នាំទៅរូបគាត់ធ្លាប់ជិះរថយន្តឈ្នួលអស់៤ម៉ឺនរៀលទៅវិញទៅមក តែឆ្នាំនេះគាត់ជ្រើសរើសការជិះរថយន្តក្រុងព្រោះមានផាកសុខភាព និងសុវត្ថិភាព។
ចំណែកកម្មការិនីម្នាក់ទៀតឈ្មោះ ស៊ិន សារ៉ង បាននិយាយទាំងទឹកចិត្តសប្បាយរីករាយនៅពេលមានឱកាសឈប់សម្រាកពីការងារបានទៅលេងស្រុកកំណើតជួបជុំបងប្អូន។

កម្មការិនីរូបនេះនិយាយថា៖ « ពួកយើងធ្វើការឆ្ងាយពីស្រុក មិនងាយបានឈប់ទេ ទាល់តែមានបុណ្យទានចឹងទើបបានឈប់សម្រាក់ពីការងារ »។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានជូនពរដល់ប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ក្នុងអំឡុងពេលឈប់សម្រាកទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ ។
តាមរយៈសារខ្លីលើបណ្តាញសង្គមនានា របស់សម្តេចធិបតី នាព្រឹកថ្ងៃទី១២ ខែតុលានេះ បានផ្ញើសារថា “ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាព ក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច”៕

To Top