ព័ត៌មានជាតិ

លោក ហេង​ សួរ និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះ​បរមរតនកោដ្ឋ

ភ្នំពេញ៖ លោក ហេង​ សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញថ្វាយព្រះកម្រងភួងមាលា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបព្រះបរមឆាយាលក្ខណ៍ព្រះអង្គ នាខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។


នាឱកាសអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធនោះ លោករដ្ឋមន្ត្រី ហេង​ សួរ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រារព្ធនូវកិច្ចកិរិយាស្មិងស្មាធិ៍គោរពចំពោះព្រះបរមឆាយលក្ខណ៍ និងព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» ដែលជាកិច្ចទំនៀមដ៏សំខាន់មួយនៃប្រជាជាតិកម្ពុជា។

លោករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ក៏បានគោរពបួងសួងឧទ្ទិសព្រះបរមរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» សូមស្តេចយាងបដិសន្ធិក្នុងទីព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងគោរពបួងសួងសូមឱ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គតាមជួយថែរក្សាព្រះរាជាណាចក្រកម្ពុជាឱ្យបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព បន្តការអភិវឌ្ឍតទៅមុខ ប្រជានុរាស្ត្ររស់ប្រកបដោយក្ដីសុខដុមរមនាតរៀងទៅ។


សូមរំលឹកថា​ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ គឺជាថ្ងៃគម្រប់ខួប ១១ឆ្នាំ ដែលសម្តេចឪ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទីវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២៕

To Top