ព័ត៌មានអន្តរជាតិ

ថៃ និងភាគីអ៊ីស្រាអែល បញ្ចេញតួលេខសំណងជាប្រាក់សម្រាប់ពលករថៃ ដែលបានស្លាប់ និងរបួស ក្នុងជម្លោះជាមួយប៉ាឡេស្ទីន

The nation

រដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនពលករថៃដែលត្រូវបានសម្លាប់នៅក្នុងជម្លោះអ៊ីស្រាអែលបានកើនឡើងដល់ ២៨ នាក់ហើយ ខណៈលោកបានប្តេជ្ញាជម្លៀសពលករថៃទាំងអស់ចំនួន ៧.០០០នាក់ ដែលចង់ត្រឡប់ទៅវិញក្នុងខែក្រោយ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Phiphat Ratchakitprakarn បានប្រាប់ក្រុមពលករដែលមកដល់ប្រទេសថៃវិញថា រដ្ឋាភិបាលនឹងព្យាយាមជួយអ្នកដែលមិនទាន់បានបញ្ចប់កិច្ចសន្យារបស់ពួកគេឱ្យត្រឡប់ទៅធ្វើការនៅអ៊ីស្រាអែលវិញ ប្រសិនបើពួកគេចង់។ ទន្ទឹមនឹងនោះ លោកថា រដ្ឋាភិបាលក៏នឹងព្យាយាមស្វែងរកការងារថ្មីសម្រាប់អ្នកដែលលែងចង់ធ្វើការនៅមជ្ឈិមបូព៌ា។

ចំពោះប្រាក់សំណងពីប្រទេសអ៊ីស្រាអែល លោក Phiphat បាននិយាយថា ភរិយារបស់ពលករថៃដែលត្រូវបានសម្លាប់នឹងទទួលបាន ៣៥.០០០ បាត ក្នុងមួយខែរហូតដល់ពួកគេរៀបការម្តងទៀត ខណៈដែលកូនរបស់ពលករដែលត្រូវបានសម្លាប់នឹងទទួលបានប្រាក់ ១១.០០០ បាតក្នុងមួយខែរហូតដល់នាងមានអាយុ ១៨ ឆ្នាំ។

ចំណែកភាគីអ៊ីស្រាអែលវិញ ក៏នឹងផ្តល់សំណងចំនួន ១៥.០០០ បាតដល់ពលករដែលរងរបួសម្នាក់ៗ និង ៤០.០០០ បាតដល់គ្រួសាររបស់ពលករម្នាក់ៗដែលបានស្លាប់។ ប្រាក់បន្ថែមចំនួន ៤០.០០០ បាតនឹងត្រូវបានផ្តល់ជូនសម្រាប់ការចំណាយពិធីបុណ្យសព។

ចំណែកពលករដែលបានធ្វើដំណើរចូលដីថៃរួចហើយ លោកថា ពលករដែលមិនអាចត្រឡប់ទៅស្រុកកំណើតវិញ នឹងត្រូវផ្តល់កន្លែងស្នាក់នៅក្នុងទីក្រុងបាងកក។ លោកបានបន្តថា លោក Paetongtarn Shinwatra អនុប្រធានក្រុមប្រឹក្សាយុទ្ធសាស្ត្រថាមពលទន់ជាតិនឹងត្រូវដាក់ឱ្យទទួលបន្ទុកកិច្ចការនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top