ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ មនុស្សចំនួន២៨នាក់ស្លាប់ និង២៦១នាក់កំពុងបាត់ខ្លួន ក្រោយហេតុលិចទូក នៅសាធារណរដ្ឋកុងហ្គោ

រូបភាពពី៖​ XINHUA

KINSHASA៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា រដ្ឋាភិបាលខេត្តបានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះ យ៉ាងហោចណាស់មនុស្ស ២៨នាក់បានស្លាប់ និងចំនួន២៦១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយបានលិចនៅលើទន្លេកុងហ្គោកាលពីល្ងាចថ្ងៃសុក្រនៅក្នុងខេត្ត Equateur ស្ថិតនៅភាគពាយព្យនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហៅកាត់ (DRC) ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ លោក Taylor Nganzi អភិបាលរងខេត្ត ដែលបានត្រួតពិនិត្យកន្លែងកើតហេតុនៃឧបទ្ទវហេតុនោះបានលើកឡើងអំពី “ស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវតែមានការទទួលខុសត្រូវ” ។

យោងតាមអាជ្ញាធរខេត្ត បានឲ្យដឹងថា ទូកបានចាកចេញពីកំពង់ផែ Mbandaka ជាទីក្រុងកំពង់ផែរបស់ខេត្តនៅលើដងទន្លេកុងហ្គោកាលពីល្ងាចថ្ងៃសុក្រសម្រាប់ទីក្រុង Bolomba ដែលជាទឹកដីដែលមានចម្ងាយជាង៣០០គីឡូម៉ែត្រពី Mbandaka ។

សាក្សីបានប្រាប់ដល់ Xinhua ថា ទូកបានក្រឡាប់ដោយសារតែផ្ទុកលើសចម្រុះ ។ចំនួនអ្នកដំណើរនៅលើទូកនោះនៅមិនទាន់ដឹងនៅឡើយទេ ។

ករណីការលិចកទូកបានកើតឡើងជាញឹកញាប់នៅទូទាំងប្រទេស DRC ជាពិសេសនៅតាមដងទន្លេកុងហ្គោ ដែលកើតចេញពីការផ្ទុកលើសទម្ងន់ និងស្ថានភាពមិនល្អនៃទូក គឺជាមូលហេតុបង្កគ្រោះថ្នាក់ភាគច្រើន ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top