ព័ត៌មានជាតិ

សំណើ-សំណូមពរ ពលរដ្ឋខណ្ឌបឹងកេងកង អាជ្ញាធរដោះស្រាយស្ទើរទាំងស្រុង ខណៈភាគច្រើន ពាក់ព័ន្ធមន្ទីរសាធារណការ

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ រាល់សំណើ និងសំណូមពរដោយផ្ទាល់មាត់ ពីសំណាក់ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលរាល់សំណើរទាំងនោះ ភាគច្រើនលើសលប់ ពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នាថ្ងៃទី១៧ តុលា សម្រាប់ពលរដ្ឋខណ្ឌបឹងកេងកង លោក ហួត ហៃ បានលើកឡើងថា វេទិកានេះ ប្រជាពលរដ្ឋ បានស្នើ និងសំណូមពរ ផ្ទាល់មាត់ចំនួន១១នាក់ ស្មើ១៤បញ្ហា និងសំណើ ជាលាយលក្ខណ៍អក្សរចំនួន១៩បញ្ហាមានការពាក់ព័ន្ធ ជួយកាត់ខ្សែភ្លើងធ្លាក់ ជួសជុលផ្លូវ ដាក់លូ ដាក់ភ្លើងស្តុបថ្មី ដាក់ស្លាកសញ្ញាហាមចត នៅមុខសាលា ដាក់ភ្លើងបំភ្លឺសាធារណៈ ការកាត់លះមែកឈើ ការដឹកជញ្ជូនសំរាម ចេញពីទីអារាម ក៏ដូចជាការប្រមូលជនអាណាថាផងដែរ ។

ក្នុងឱកាសនោះ លោក ហួត ហៃ បានបញ្ជាក់ថា រាល់សំណើ និងសំណូមពរដោយផ្ទាល់មាត់ ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងវេទិកានេះ ត្រូវបានអាជ្ញាធរ រាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលរាល់សំណើរទាំងនោះ ភាគច្រើនលើសលប់ គឺពាក់ព័ន្ធនឹងការងារ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ហើយចំពោះ សំណើរដែលដោះស្រាយមិនបានភ្លាមៗ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងឲ្យក្រុមការងារ ចុះទៅសិក្សារួចទើប ស្នើសុំគោលការណ៍សម្រេចពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ។

ឆ្លៀតក្នុងឱកាសនោះ លោកហួត ហៃ ក៏បានឲ្យប្រជាពលរដ្ឋដែលមិនបានបង់ថ្លៃសំរាម រួសរាន់មកបង់។

ដោយឡែក លោក ម៉ប់ សារិន ក៏បានលើកឡើងថា ការបង្កើតឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញនេះឡើង ដើម្បីឲ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ឲ្យអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋានជាដើម។

លោកម៉ប់ សារិន បន្តថា អ្វីដែលជាសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយជូនជាបណ្តើរៗ ហើយ ហើយអ្វីដែលនៅសេសសល់ ក៏បានដាក់ចូលក្នុងគម្រោង អភិវឌ្ឍន៍៣ឆ្នាំរំកិលខណ្ឌអស់ហើយដែរ ៕

To Top