ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យកម្ពុជាអាចប្រើប្រាស់ «វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាន នៅកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប ។
ការអនុញ្ញាតនេះធ្វើឡើងយោងតាមការស្នើសុំរបស់កម្ពុជា ក្នុងការប្រើប្រាស់វិធានបូកបន្ថែម (Extended Cumulation) ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម សហភាពអឺរ៉ុប បានសម្រេចឲ្យប្រើវិធានបូកបន្ថែមនេះ តាមសេចក្តីសម្រេចលេខ (EU) 2023/1810 ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់គណៈកម្មការអឺរ៉ុប។
តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី១៧ តុលានេះ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា «វិធានបូកបន្ថែមនេះ អនុញ្ញាតឲ្យកម្ពុជាអាចប្រើប្រាស់ «វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅវៀតណាម សម្រាប់យកមកផលិតទោចក្រយាននៅកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។ ការប្រើប្រាស់វត្ថុធាតុដើមឬគ្រឿងបង្គុំដូចមានចែងក្នុងឧបសម្ព័ន្ធ សម្រាប់ផលិត ទោចក្រយានដូចមានចែងក្នុងឧបសម្ព័ន្ធ នៃសេចក្តីសម្រេចនេះ ត្រូវអនុលោមតាមវិធានដើមកំណើតទំនិញ ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប (EU’s GSP)» ។
ក្រសួងគូសបញ្ជាក់ថា ផលិតករ ឬអ្នកនាំចេញទោចក្រយានទាំងអស់ត្រូវស្នើសុំ ការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មនូវបរិមាណ នៃការប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំដែលនាំចូលពីវៀតណាម ប្រចាំឆមាស និងត្រូវធ្វើរបាយការណ៍ ស្ដីពីការប្រើប្រាស់វត្ថុធាតុដើមឬគ្រឿងបង្គុំ ប្រចាំត្រីមាស មកក្រសួងពាណិជ្ជកម្ម (ដូចមានគំរូលិខិតស្នើសុំ និងគំរូ របាយការណ៍ជូនភ្ជាប់) ដើម្បីក្រសួងមានមូលដ្ឋានក្នុងការជូនដំណឹងទៅសហភាពអឺរ៉ុប ៕