ព័ត៌មានអន្តរជាតិ

Update៖ ជនជាតិស៊ុយអែត ចំនូន២នាក់ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់នៅកណ្តាលទីក្រុងប៊្រុចស៊ែល

រូបភាពពី៖​ AFP

ប្រ៊ុចស៊ែល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ថា ជនជាតិស៊ុយអែត ចំនួន២នាក់ត្រូវបានគេបាញ់សម្លាប់ និងម្នាក់ទៀតរងរបួស នៅកណ្តាលទីក្រុងប្រ៊ុចស៊ែល កាលពីយប់ថ្ងៃចន្ទ ហើយបុរសម្នាក់ដែលបានកំណត់អត្តសញ្ញាណខ្លួនឯងថា ជាសមាជិកនៃក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវក្នុងរឿងនេះដោយបានបង្ហោះវីដេអូតាមបណ្តាញអ៊ីនធើរណេត ។

ជនសង្ស័យជាឃាតករបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបន្ទាប់ពីការបាញ់ប្រហារ ខណៈដែលការប្រកួតបាល់ទាត់រវាងប៊ែលហ្ស៊ិក និងស៊ុយអែត រៀបនឹងចាប់ផ្តើម ដែលបង្កឱ្យមានការតាមប្រមាញ់ដ៏ធំ និងបានជំរុញឱ្យប្រទេសប៊ែលហ្ស៊ិក បង្កើនការប្រុងប្រយ័ត្ន នៃអំពើភេរវកម្មដល់កម្រិតខ្ពស់បំផុត ។

រដ្ឋអាជ្ញាសហព័ន្ធប៊ែលហ្ស៊ិក បានឲ្យដឹងថា មិនទាន់មានភ័ស្តុតាងណាមួយដែលថា អ្នកវាយប្រហារ ដែលនៅតែស្ថិតភាពមានទំនាក់ទំនងណាមួយទៅនឹងជម្លោះជាថ្មីរវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នោះទេ ។

ជនជាប់សង្ស័យជាអ្នកវាយប្រហារដែលហៅខ្លួនគាត់ថា Abdesalem Al Guilani បានអះអាងនៅក្នុងខ្សែវីដេអូមួយលើបណ្ដាញសង្គមថា គាត់ជាអ្នកប្រយុទ្ធដើម្បីព្រះអាឡា ។ រដ្ឋអាជ្ញាសហព័ន្ធបានឲ្យដឹងថា ជនរងគ្រោះទី៣ដែលរងរបួសប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិត គឺជាអ្នកបើកតាក់ស៊ី ។ រដ្ឋអាជ្ញាបានអំពាវនាវឲ្យអ្នករស់នៅក្នុងទីក្រុងប្រ៊ុចស៊ែលស្នាក់នៅក្នុងផ្ទះរហូតដល់ការគំរាមកំហែងត្រូវបានបញ្ចប់ ។ បុគ្គលិកគណៈកម្មការអឺរ៉ុបក៏ត្រូវបានណែនាំឲ្យស្នាក់នៅក្នុងផ្ទះផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top