ព័ត៌មានជាតិ

អង្គការសហប្រជាជាតិ គាំទ្រសកម្មភាព អាទិភាពរបស់ក្រសួង ការងារ ក្នុងអាណត្តិទី៧

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូរបស់អង្គការសហប្រជាជាតិ ដែលដឹកនាំដោយ លោកចូ សូយ័រ(Jo Scheuer) អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ក្នុងកិច្ចពិភាក្សានោះ លោករដ្ឋមន្ត្រី បានបង្ហាញពីសកម្មភាពជាអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះក្នុងការលើកកម្ពស់ជីវភាពកម្មករនិយោជិត និង ទំនាក់ទំនងវិជ្ជាជីវៈក្នុងរោងចក្រសហគ្រាស ក៏ដូចជាការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដែលសុទ្ធសឹងតែជាចំណុចគន្លឹះៗក្នុងអាណត្តិទី៧នេះ។

ជាការឆ្លើយតប លោក ចូ សូយ័រអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានប្រកាសគាំទ្រសកម្មភាពអាទិភាពរបស់ក្រសួង ក៏ដូចជា គាំទ្រសកម្មភាពជាអាទិភាពរបស់ក្រសួង ក៏ដូចជាគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតីជាប្រមុខ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់អង្គការសហប្រជាជាតិ និងទីភ្នាក់ងាររបស់ខ្លួន ដែលបានជួយគាំទ្រ ដល់ក្រសួងលើ ផ្នែកបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងគម្រោងទីភ្នាក់ងារជាតិ និងមុខរបរ និងផ្នែកផ្សេងៗទៀតនាពេលកន្លងមក។

ក្នុងការពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនេះលោករដ្ឋមន្ត្រីរំពឹងថា ទីភ្នាក់ងារអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ(UNDP) នឹងបន្តជួយ ក៏ដូចជាបង្កើន កិច្ចសហប្រតិបត្តិការបន្ថែមទៀត លើសកម្មភាពជាអាទិភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិទី៧នេះ៕

To Top