ភ្នំពេញ ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៉ីវិល បានឲ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ (ថ្មី) មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្តង់ដាអន្តរជាតិ លំដាប់ប្រភេទ ៤អ៉ី (4E) និងឡើងដល់កម្រិត4F ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយានប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ។
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-18_10-34-47-4-1024x576.jpg)
ការលើកឡើរបស់លោករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញ ស្វាគមន៍ទទួលជើងហោះហើរ ពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ (SAI) កាលពីថ្ងៃ១៦ តុលា។
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-18_10-34-52-3-1024x768.jpg)
លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី)នេះ មានសមត្ថភាព ទទួលអាកាសយានចំនួន៣៨ ចំណត, ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង ១២លាននាក់ ក្នុងឆ្នាំ២០៤០ ខាងមុខ, អាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០,០០០តោនក្នុងឆ្នាំ ២០២៤ និង ២៦,០០០តោន ក្នុងឆ្នាំ២០៤០ខាងមុខ ហើយគ្រោងទទួលជើងហោះហើរបានចំនួន ៦៥០០០ជើង ក្នុងឆ្នាំ២០២៤ និង១១២ ០០០ជើង នៅក្នុងឆ្នាំ២០៤០ តាមការព្យាការណ៍ទុក។
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-18_10-34-55-4-1024x768.jpg)
សម្រាប់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីឲ្យដឹងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគដល់ទៅ ១,១០០លានដុល្លារ ផ្តើមចេញសុទ្ធសាធពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)