ព័ត៌មានជាតិ

ក្រសួង៖ ការផ្ដល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក អនុវត្តនៅតាមទីតាំងផ្ទាល់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក គឺអនុវត្តនៅតាមទីតាំងផ្តល់សេវា ដែលកំណត់ដោយក្រសួង។

ការចេញមកបញ្ជាក់របស់ក្រសួងបែបនេះ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានលើការផ្តល់សេវាសាធារណៈលើគណនីបណ្តាញសង្គម ដែលបានអះអាងថា ជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួងដូចជា សេវាប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណ សម្គាល់យានយន្ត សេវាធ្វើលិខិតអនុញ្ញាត ឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ/ទំនិញ និងសេវា ធ្វើវិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ដោយពុំចាំបាច់យកយានយន្តមកត្រួតពិនិត្យនៅ កន្លែងផ្តល់សេវាឡើយ។ ការណ៍នេះ គឺផ្ទុយពីការពិត ដែលបង្កឲ្យមានការភាន់ច្រឡំដល់ប្រជាពលរដ្ឋ ។ នេះបើតាមសេចក្ដីជូនដំណឹងនាថ្ងៃ១៨ តុលា ។

ក្រសួងសង្កត់ធ្ងន់ថា «ការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូន ផ្លូវគោក គឺអនុវត្តនៅតាមទីតាំងផ្តល់សេវា ដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងទីតាំង ផ្តល់សេវានៃអង្គភាព ឬការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្មផ្លូវការរបស់ក្រសួង (https://transporticense.mpwt.gov.kh/, https://vehicle.mpwt.gov.kh/, https://drvericense.mpwt.gov.kh/, https://techinspection.mpwt.gov.kh/) និងអនុវត្តតាមនីតិវិធីដូចមាន ចែងក្នុងលិខិតបទដ្ឋានគតិយុត្ត ហើយការបង់កម្រៃសេវាសាធារណៈ ខាងលើនេះ ត្រូវអនុលោមតាមប្រកាស ស្តីពីការផ្តល់សេវាសាធារណៈដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន»។

ក្រសួងក៏បានអំពាវនាវពលរដ្ឋទាំង ប្រើប្រាស់សេវាសាធារណៈរបស់ក្រសួង នៅតាមបណ្ដាទីតាំងផ្តល់សេវា ចៀសវាង ដាច់ខាតការប្រើប្រាស់សេវាក្រៅផ្លូវការ ដែលនាំឲ្យខាតបង់ថវិកា ពេលវេលា និងទទួលបានឯកសារ ក្លែងបន្លំពីជនខិលខូច៕

To Top