ព័ត៌មានអន្តរជាតិ

ជប៉ុន និងអារ៉ាប៊ីសាអូឌីត ​ព្រមព្រៀងគ្នាធ្វើការងារ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ នៅតំបន់ហ្គាហ្សា

Kyodo

តូក្យួ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គិស៊ីដា បាន​ព្រមគ្នា ​ជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ថាពួកគេនឹងធ្វើការរួមគ្នាដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា ចំពេលមានសង្គ្រាមកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។

លោក គីស៊ីដា ត្រូវបានដកស្រង់សម្តីដោយក្រសួងការបរទេសថា បានប្រាប់ព្រះអង្គម្ចាស់​ក្នុងអំឡុងពេលកិច្ចពិភាក្សាតាមទូរស័ព្ទរយៈពេល ២០ នាទីថា ប្រទេសជប៉ុន បានថ្កោលទោសការផ្ទុះនៅមន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សា ដោយមានអារម្មណ៍ថា “ខឹងយ៉ាងខ្លាំង ចំពោះការខូចខាតដ៏ធំសម្បើម ដែលបានកើតឡើង ចំពោះប្រជាពលរដ្ឋសាមញ្ញ” ។

រាជទាយាទបានមានបន្ទូលប្រាប់លោក គីស៊ីដា ថាប្រទេសរបស់ទ្រង់នឹងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសមាជិកទាំង៦ នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ រួមទាំងអារ៉ាប៊ីសាអូឌីត ក្នុងការពង្រឹងជំនួយមនុស្សធម៌ នេះបើយោងតាមក្រសួងជប៉ុន។

ការ​ផ្ទុះ​នេះ​គឺ​ជា​ការ​កើន​ឡើង​បន្ថែម​ទៀត​ក្នុង​សង្គ្រាម ​ដែល​បង្ក​ឡើង​ដោយ​ការ​វាយ​ប្រហារ​ភ្លាមៗ​ដោយ​ក្រុម​ហាម៉ាស ​នៅ​ថ្ងៃ​ទី០៧ តុលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មន្ត្រីអ៊ីស្រាអែលបានអះអាងថា ឧបទ្ទវហេតុស្លាប់នៅមន្ទីរពេទ្យនេះ គឺដោយសារតែការបាញ់រ៉ុក្កែតបរាជ័យដោយក្រុមជីហាតអ៊ីស្លាម ដែលជាក្រុមប្រដាប់អាវុធគាំទ្រក្រុមហាម៉ាស​។ ក្រុមហាម៉ាសបានឲ្យដឹងថា មន្ទីរពេទ្យ ត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top