ព័ត៌មានជាតិ

ស្ទាក់ចាប់បានពងមាន់ ខូចគុណភាពជាង ៣ម៉ឺនគ្រាប់ ដែលឈ្មួញទុច្ចរិត លួចនាំចូលពីប្រទេសជិតខាង

ភ្នំពេញ ៖ ពងមាន់ខូចគុណភាពជាង៣ម៉ឺនគ្រាប់ដែលឈ្មួញទុច្ចរិត លួចនាំចូលពីប្រទេសជិតខាង នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានសហការជាមួយ សាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ធ្វើការកម្ទេចចោលពងមាន់ ខូចគុណភាពប្រមាណ៣២,០០០គ្រាប់ នៅទីតាំងដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិស្រះទឹក ឃុំកោងកាង ស្រុកពណ្ញាក្រែក ខេត្តត្បូងឃ្មុំ។

គួរឲ្យដឹងថា ពងមាន់ ខូចគុណភាពទាំងនោះ ត្រូវបានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធប្រចាំតំបន់៦ នៃសាខាគយ និងរដ្ឋាករខេត្ត ស្ទាក់ចាប់បាន ដែលឈ្មួញទុច្ចរិត បានលួចនាំចូល ដោយខុសច្បាប់ពីប្រទេសជិតខាង ដូចនេះដើម្បីចៀសវាងកុំ្យមានការចរាចរ ចូលទីផ្សារជាយថាហេតុ ដែលនាំឲ្យប៉ះពាល់ដល់សុខភាព មន្ត្រីជំនាញបានឯកភាព ចាត់វិធានការ កម្ទេចចោលតាមនីតិវិធី ៕

To Top