ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋអាល់ហ្សឺរី រាប់ម៉ឺននាក់នាំគ្នាធ្វើបាតុករតវ៉ាប្រឆាំង និងថ្កោលទោស ដល់ការវាយប្រហារដ៏ខ្លាំងក្លារបស់ អ៊ីស្រាអ៊ែល

រូបភាពពី៖​ XINHUA

អាល់ហ្សឺ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រជាជនអាល់ហ្សេរីរាប់ម៉ឺននាក់បានដើរដង្ហែរនៅតាមផ្លូវដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយពលរដ្ឋប៉ាឡេស្ទីន និងបានថ្កោលទោសទៅលើការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ។

នៅទីក្រុង អាល់ហ្សឺ (Algiers) ដែលជារដ្ឋធានីរបស់ប្រទេសអាល់ហ្សឺរី គេឃើញមានក្រុមមនុស្សបានដើរដង្ហែរតាមដងផ្លូវសំខាន់ៗ មុនពេលរៀបចំកន្លែងអង្គុយនៅទីលាន Martyrs ដោយឃើញមានការចាក់ផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ ENTV របស់រដ្ឋនេះ ។

ការគ្រវីទង់ជាតិប៉ាឡេស្ទីន និងអាល់ហ្សេរី គេឃើញក្រុមបាតុករបានស្រែកពាក្យស្លោកគាំទ្រតំបន់ហ្គាហ្សា យ៉ាងក្លៀវក្លា ទាមទាររកយុត្តិធម៌សម្រាប់មនុស្សដែលបានបាត់បង់ជីវិត និងបានអំពាវនាវឱ្យបញ្ចប់អំពើហិង្សារបស់អ៊ីស្រាអ៊ែល មកលើជនស៊ីវិលតទៅទៀត ។

ក្រុមបាតុករបានទាមទារចង់ឲ្យប៉ាឡេស្ទីនមានសេរីភាព ហើយជំរុញសហគមន៍អន្តរជាតិឲ្យជួយអន្តរាគមន៍ភ្លាមៗក្នុងរឿងនេះ ។

ក្រុមបាតុករទាំងនោះបានអំពាវនាវដល់មេដឹកនាំពិភពលោក ឱ្យដាក់សម្ពាធលើអ៊ីស្រាអ៊ែល ឱ្យដកបម្រាមនៃការបិទផ្លូវលើតំបន់ហ្គាហ្សា និងបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើតំបន់ដែលមានជនជាតិប៉ាឡេស្ទីនរស់នៅ ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការបើកច្រកព្រំដែន និងផ្តល់ជំនួយ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តដល់ប្រជាជននៅតំបន់ហ្គាហ្សា ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top