ព័ត៌មានអន្តរជាតិ

ព្យុះកំណាច Babet បង្ខំឲ្យពលរដ្ឋស្កុតឡែន ជម្លៀសខ្លួនចេញពីតំបន់ រងគ្រោះបន្ទាន់

រូបភាព៖ Xinhua

ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ថា ផ្ទះប្រមាណ៤០០ខ្នង នៅទីក្រុង Angus ប្រទេសស្កុតឡែន ត្រូវបានបង្ខំឲ្យធ្វើការជម្លៀសពលរដ្ឋ ចេញកាលពីថ្ងៃព្រហស្បតិ៍ ដោយសារហានិភ័យនៃគ្រោះទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលព្យុះ Babet បានវាយប្រហារមកលើទឹកដីអង់គ្លេស ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា អចលនទ្រព្យរាប់ពាន់កន្លែង នៅក្នុងប្រទេសស្កុតឡែន ត្រូវបានផ្អាកដំណើរការដោយសារគ្មានថាមពលប្រើប្រាស់ ។

បណ្តាញអគ្គិសនីនៅក្នុងប្រទេសស្កុតឡេន និងប្រចាំនៅភាគខាងត្បូងបានឲ្យដឹងថា ពួកគេបានស្ដារការផ្គត់ផ្គង់ដល់អចលនទ្រព្យជាង១៨.០០០កន្លែង ហើយបាននិងកំពុងធ្វើការដើម្បីភ្ជាប់ដល់ផ្ទះដែលរងផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនីឡើងវិញ ។

ទន្ទឹមនឹងនេះដែរ ប៉ូលិសស្កុតឡេន បានលើកឡើងកាលពីល្ងាច ថ្ងៃព្រហស្បតិ៍ថា សាកសពស្ត្រីម្នាក់ត្រូវបានគេស្រង់ចេញពីទន្លេមួយនៅក្នុងទីក្រុង Angus ក្រោយពីរូបនាងត្រូវបានលង់ទឹក កាលពីថ្ងៃរសៀលនោះ ។

គួររំលឹកថា កាលពីដើមសប្តាហ៍នេះ ការិយាល័យឧតុនិយម ដែលជាសេវាឧតុនិយមជាតិ របស់ប្រទេសនេះបានចេញការព្រមានពណ៌ក្រហម ដ៏កម្រសម្រាប់ផ្នែកខ្លះ នៃភាគខាងកើត នៃប្រទេសស្កុតឡែន ដោយផ្តើមចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ពាក់កណ្តាលថ្ងៃត្រង់ នៅថ្ងៃសុក្រនេះ ហើយការព្រមានពណ៌ក្រហមនេះដែរ គឺជាការព្រមានអាកាសធាតុកម្រិតខ្ពស់បំផុត ក្នុងប្រទេសអង់គ្លេស ៕

ការិយាល័យឧតុនិយម ក៏បានព្រមានថា ខ្យល់បក់បោកខ្លាំង ត្រូវបានគេរំពឹងទុកនៅភាគខាងកើត នៃប្រទេសស្កុតឡែន និងតាមបណ្តោយឆ្នេរភាគខាងកើត នៃប្រទេសអង់គ្លេស រហូតដល់ចុងសប្តាហ៍នេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top