វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ប្រទេសចិន ទំនងជានឹងមានក្បាលគ្រាប់ នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ១០០០គ្រាប់នៅឆ្នាំ២០៣០ នៅពេលដែលប្រទេសនេះ ធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស និងធ្វើពិពិធកម្មសមត្ថភាពយោធារបស់ខ្លួន។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ស្តីពីអំណាចយោធារបស់ប្រទេសចិន នាយកដ្ឋានបានប៉ាន់ប្រមាណថា ចំនួននេះគឺលើសពី ៥០០គ្រាប់ រួចទៅហើយនៅក្នុងខែឧសភា ដោយកត់សម្គាល់ថា ល្បឿនគឺស្ថិតនៅលើផ្លូវដែល លើសពីការព្យាករណ៍ពីមុន។
មន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការបង្កើនល្បឿននេះ “បង្កើនការព្រួយបារម្ភជាច្រើន” ហើយថា សហរដ្ឋអាមេរិកចង់ឱ្យប្រទេសចិន កាន់តែមានតម្លាភាពអំពីការ បង្កើតនុយក្លេអ៊ែររបស់ខ្លួន និងបង្ហាញឆន្ទៈកាន់តែខ្លាំង ដើម្បីពិភាក្សាអំពីបញ្ហាកាត់បន្ថយហានិភ័យ ជាមួយទីក្រុងវ៉ាស៊ីនតោន។
កាលពីឆ្នាំមុន មន្ទីរបញ្ចកោណបានព្យាករណ៍ថា ឃ្លាំងផ្ទុកក្បាលគ្រាប់របស់ចិនបានកើនឡើងដល់ ៤០០គ្រាប់ ហើយបានប៉ាន់ប្រមាណថានៅឆ្នាំ២០៣០ វានឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ ប្រតិបត្តិការប្រហែល ១០០០ ក្បាលគ្រាប់ ដែលភាគច្រើននឹងត្រូវបំពាក់លើប្រព័ន្ធ ដែលមានសមត្ថភាពរាប់ទ្វីបអាមេរិក។
មន្ត្រីរូបនេះបានបន្ដថា “អ្វីដែលពួកគេកំពុងធ្វើឥឡូវនេះ ប្រសិនបើអ្នកប្រៀបធៀបវាទៅនឹងអ្វី ដែលពួកគេកំពុងធ្វើកាលពីមួយទសវត្សរ៍មុន វាពិតជាលើសពីទំហំ និងភាពស្មុគស្មាញ ពួកគេកំពុងពង្រីក និងវិនិយោគលើវេទិកាចែកចាយនុយក្លេអ៊ែរនៅលើដី សមុទ្រ និងផ្លូវអាកាស ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ដែលទាមទារ ដើម្បីគាំទ្ររឿងនេះ”។
របាយការណ៍បានព្រមានថា កាលពីឆ្នាំមុន ប្រទេសចិនហាក់ដូចជាបានបញ្ចប់ ការសាងសង់កន្លែងស៊ីឡូឥន្ធនៈរឹងថ្មីចំនួន៣ នៃមីស៊ីលផ្លោងអន្តរទ្វីប ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន បន្ថែមថា វាប្រហែលជាអាចដាក់មីស៊ីល ICBM យ៉ាងហោចណាស់ ៣០០គ្រាប់ ៕
ប្រែសម្រួល ឈូក បូរ៉ា